កែប៖ យោងតាមអ្នកនាំពាក្យរដ្ឋបាលខេត្តបានឲ្យដឹងកាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះថា រដ្ឋបាលខេត្ត បានសម្រេចកំណត់យកទីតាំងឆ្នេរ ២.៧០០ម ក្បែរផ្សារក្តាម សម្រាប់រៀបចំពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣ នៅខេត្តកែប។ ដោយសារទីតាំងឆ្នេរនេះ មានលក្ខណៈធំទូលាយ ដែលអាចឲ្យកម្មវិធីទាំងមូល ដំណើរទៅបានដោយរលូន និងជោគជ័យ។ នេះបើតាមការបញ្ជាក់ពីសំណាក់លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។
លោក ប៊ុន យោង អ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានលើកឡើងថា រដ្ឋបាលបាននិងកំពុងជំរុញការរៀបចំអនាម័យបរិស្ថាន នៅទូទាំងខេត្តកែប ជាពិសេសតាមបណ្តោយដងវិថីសំខាន់ៗ ដើម្បីធានាបាននូវភាពស្រស់បំព្រង តាមបណ្តាសួនច្បារនានា ជំរុញលើការត្រៀមលក្ខណៈផ្តល់នូវសេវាស្នាក់នៅ ហូបចុក និងសុខសុវត្ថិភាពផងដែរ។
អ្នកនាំពាក្យរូបនេះបន្តថា សម្រាប់បុណ្យសមុទ្រឆ្នាំនេះ យើងនឹងរៀបចំឲ្យមានលក្ខណៈពិសេសច្រើន និងប្លែកជាឆ្នាំរាល់ដង ជាមួយការត្រៀមដាក់តាំងបង្ហាញនូវផលិតផលច្រើន ជាពិសេសផលិត ផលប្រចាំតំបន់ផងដែរ។ ជាមួយការរំពឹងខ្ពស់ សម្រាប់បុណ្យសមុទ្រឆ្នាំនេះនឹងអាចស្រូបទាញ អ្នកទេសចរមកលេងខេត្តកែប បានកាន់តែច្រើន។
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រខាងមុខ នឹងរៀបចំនៅខេត្តកែប សម្រាប់ជុំទី៣នេះ បានកំណត់ធ្វើពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ បុណ្យសមុទ្រនៅឆ្នាំនេះ មានការរៀបចំកម្មវិធីជាច្រើនដូចជា រត់ប្រណាំង ប្រដាល់គុណខ្មែរ មហោស្រពម្ហូបអាហារ តាំងពិព័រណ៍សមិទ្ធផលនានា និងការប្រគុំតន្ដ្រីមហាជនជាដើម៕