រដ្ឋបាលខេត្តកំពង់ចាម ណែនាំករណីជំងឺឆ្លងភ្នែកក្រហម ត្រូវទៅពិនិត្យនិងព្យាបាលតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត

0
594

​រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីណែនាំស្តីពីករណីជំងឺឆ្លងភ្នែកក្រហមដែល កំពុងឆ្លងរីករាលដាលតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម ដោយបញ្ជាក់ថា ក្នុងរយៈ ពេល១ សប្តាហ៍នេះ រដ្ឋបាលខេត្តកំពង់ចាម បានពិនិត្យឃើញថា មានករណីឆ្លងរីករាល ដាល នៃជំងឺភ្នែកក្រហម កំពុងកើតមាននៅលើបងប្អូនប្រជាពលរដ្ឋជាច្រើនករណីគួរឱ្យកត់ សម្គាល់។

ក្នុងសេចក្តីប្រកាសព័ត៌មានបន្ថែមថា រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ និង មន្ត្រីសុខាភិបាលគ្រប់ថ្នាក់ ដូចខាងក្រោម៖   ១- រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ រួមជាមួយមន្ត្រីសុខាភិបាលគ្រប់មូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយ និង ណែនាំ អំពីរោគសញ្ញាជំងឺឆ្លងភ្នែកក្រហម វិធានការការពារ និងអនាម័យ តាមការណែនាំ របស់ ក្រសួងសុខាភិបាល។      ២- ករណីប្រជាពលរដ្ឋ មានឆ្លងជំងឺភ្នែកក្រហម ត្រូវណែនាំ ដល់ក្រុមគ្រួសារ និងសាមីខ្លួនឱ្យទៅពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតលំនៅដ្ឋានរបស់គាត់។   ៣- គណៈគ្រប់គ្រងសាលារៀនក្នុងករណីមានសិស្សានុសិស្ស ដែលឆ្លងជំងឺភ្នែកក្រហម ត្រូវអនុញ្ញាត ច្បាប់ឈប់សម្រាក ចំពោះសិស្សា នុសិស្សដែលមានឆ្លងជំងឺភ្នែកក្រហមនេះ ត្រូវណែនាំដល់ អាណាព្យាបាលឱ្យនាំកូន ចៅ របស់គាត់ ទៅពិនិត្យ និងព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិត សាលា ឬនៅជិតគេហឋានរបស់គាត់។ ៤- រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មណ្ឌលសុខភាព ត្រូវមានវិធានការបន្ទាន់ក្នុង ករណីរកឃើញជំងឺ ភ្នែកក្រហម ឆ្លងរីករាលក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរាយការណ៍មកមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដើម្បីមានការអន្តរាគមន៍បានទាន់ ពេលវេលា។

សេចក្តីប្រកាសបន្ថែមថា រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ និងអនុវត្តន៍ វិធាន ការការពារ និង ធ្វើអនាម័យដើម្បីបង្ការកុំឱ្យមានការឆ្លងជំងឺភ្នែកក្រហម ដល់សមាជិក ក្រុមគ្រួសារ និងតាមសហគមន៍។ ទទួលបាននូវសេចក្ដីណែនាំនេះ រដ្ឋបាលក្រុង-ស្រុក, មន្ទីរ-អង្គភាពជុំវិញខេត្ត និងរដ្ឋបាលឃុំ-សង្កាត់ត្រូវយកចិត្តទុកដាក់ ចាត់តាំងអនុវត្តន៍ឱ្យ មានប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ៕