រដ្ឋបាលខេត្តសៀមរាប ជំរុញដល់គ្រប់វិស័យឯកជនក្នុងខេត្ត ត្រូវពង្រឹងគុណភាពបន្ថែមទៀត ដើម្បីចូលរួមផ្តល់ជូន សេវាកម្មរបស់ខ្លួនប្រកបដោយគុណភាព ប្រយោជន៍ឲ្យមានភ្ញៀវទេសចរមកកម្សាន្តឡើងវិញ

0
489

សៀមរាប៖ អភិបាលរងខេត្តសៀមរាប លោក សុខ ថុល  បានជំរុញដល់គ្រប់វិស័យឯកជនក្នុងខេត្ត ត្រូវពង្រឹងគុណភាពបន្ថែមទៀតទៅលើគ្រប់អាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមផ្ដល់ជូននូវសេវាកម្មប្រកបដោយគុណភាព ដែលធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យត្រលប់មកកម្សាន្តក្នុងខេត្តសៀមរាបឡើងវិញ ការលើកឡើងបែបនេះក្នុង ពិធីបើកឲ្យដំណើរការផ្ទះល្មូន ក្នុងជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ។

អភិបាលរងខេត្តនេះបានប្រសាសន៍ថា កន្លងមកការផ្សព្វផ្សាយអំពីទេសចរណ៍ខេត្តសៀមរាប គឺបានដើរស្របទៅនឹងភាពល្បីល្បាញរបស់ប្រាសាទបុរាណ ពិសេសប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាប ដែលសកម្មភាពនៃការផ្សព្វផ្សាយនេះ ត្រូវបន្តជំរុញបន្ថែមទៀតដើម្បីឆ្លើយតប នឹងតម្រូវការជាក់ស្តែងរបស់ខេត្តសៀមរាបក្នុងមជ្ឈដ្ឋាន ដែលពោរពេញដោយភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងខ្ពស់ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា។ ខណៈដែលវិស័យមួយនេះ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាគោលដៅដ៏ចម្បងបំផុត ដែលចាំបាច់ត្រូវស្តារសកម្មភាពទេសចរណ៍ឡើងវិញ ទាំងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីប្រភពទីផ្សារសំខាន់ៗ ។

ជាមួយគ្នានេះដែរ លោក សុខ ថុល  ក៏បានអំពាវនាវដល់វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការ ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តកម្ពុជា និងជាពិសេសគោលដៅទេសចរណ៍ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យអុំទូក ដែលនឹងរៀបចំឡើងនាចុងខែវិច្ឆិកាខាងមុខ ឲ្យស្របទៅនឹងការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍នៃផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ។

ក្នុងនោះលោកក៏ជំរុញដល់ក្រុមការងារផ្ទះល្មូន ត្រូវបន្តយកចិត្តទុកខ្ពស់លើការងារសន្តិសុខ សុវត្ថិភាពចំពោះវត្តមានភ្ញៀវទេសចរ ដោយត្រូវត្រួតពិនិត្យឲ្យបានជាប្រចាំលើការទុកដាក់សត្វតាមរយៈការបង្កើតប្រព័ន្ធការពារ។ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងបរិស្ថាន និងការផ្ដល់សេវាជូនភ្ញៀវទេសចរប្រកបដោយគុណភាពផងដែរ៕