រដ្ឋបាលជលផលបង្ហាញហានិភ័យក្នុងការលែងត្រីប្រភពមកពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ

0
79

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលជលផលដែលអង្គភាពសារព័ត៌មានinnewsទទួលបាន នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានដែលមានប្រជាពលរដ្ឋបាន លែងត្រីដែលមានប្រភពពីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ ដែលសកម្មភាពនេះអាចនឹងបង្កហានិភ័យដល់ មច្ឆជាតិក្នុងស្រុក។

ក្នុងសេចក្តីប្រកាសបន្តថា វារីសត្វឬប្រភេទត្រីដែលមានប្រភពពីក្រៅប្រទេស មួយចំនួនជាប្រភេទកាច ស៊ីសាច់ជា អាហារ ឬសាយកូនលឿន ប្រសិនបើប្រភេទត្រីឬវារីសត្វទាំងនោះ មានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ វានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក និងអាចនាំឲ្យប៉ះពាល់ដល់ពូជក្នុងស្រុក។

ប្រភពខាងលើបន្ថែមទៀតថា បញ្ហានេះរដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនដែលកំពុងចិញ្ចឹមប្រភេទត្រីឬវារី សត្វមានប្រភពពីក្រៅប្រទេស សូមថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែសឲ្យរួចចូលក្នុងដែនទឹក ធម្មជាតិ។​

ជាមួយគ្នានេះ រដ្ឋបាលជលផលលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ពីសេសអ្នកនេសាទបន្តផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចជលផល និងលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀតដែលនេសាទបាន ផុសផុលថែមទៀត ដែលនេះជាសកម្មភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលយើងឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។

គួរបញ្ជាក់ផងដែរថា ចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកនេសាទដែលបានូលរួមលែងនូវប្រភេទត្រីកម្រ ត្រីមេពូជ និងវារីសត្វផ្សេងទៀតជាអាទិ៍ ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ អណ្តើកហ្លួង អណ្តើកសមុទ្រ ដែលជាសកម្មភាពដ៏ប្រពៃក្នុងការចូលរួមថែរក្សាការពារនូវធនធានជលផល និងទទួលបាននូវការអបអរសាទ រយ៉ាងខ្លាំងពីមហាជន៕