រដ្ឋបាលជលផលអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ឲ្យទាន់ពេលវេលា​

0
601

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាពសារព័ត៌មាន innews ទទួលបាននៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៣-​២០២៤ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង​ ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។

សេចក្តីជូនដំណឹងបន្តថា គន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃអង្គារ ៧កើត ដល់ថ្ងៃចន្ទ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

រដ្ឋបាលជលផលអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានបណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

ទទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូនតាមការគួរ៕ ដោយ៖ នាង ស្រស់