ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាពសារព័ត៌មាន Innews ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានឳ្យដឹងថា មានសត្វផ្សោតមួយក្បាល វ័យជំទង់ អាយុប្រមាណ៧ឆ្នាំ ភេទឈ្មោល ប្រវែង១,៩៥ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានបន្តថា តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF បានសន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយសារឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។ ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និងស្លាប់៥ក្បាល ក្នុងនោះ កូនផ្សោតស្លាប់២ក្បាល ជំទង់២ក្បាល និងស្លាប់ដោយចាស់ជរា១ក្បាល។
ប្រភពដដែលបានបន្ថែមថា ចំពោះបញ្ហានេះ រដ្ឋបាលជូលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។
បន្ថែមលើសពីនេះ រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្តល់ព័ត៌មានដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី។រដ្ឋបាលជលផលនឹងផ្តល់ជូនរង្វាន់ លើកទឹកចិត្ត។
ពាក់ព័ន្ធករណីខាងលើនេះ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឳ្យដឹងថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលដំណឹងដ៏គួរឱ្យសោកស្ដាយ ដែលឧបករណ៍ឆក់ បានផ្ដាច់ជីវិតសត្វផ្សោតមួយក្បាល ដែលមានវ័យប្រមាណ៧ឆ្នាំ នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ខណៈពេលដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអង្គការដៃគូទាំងអស់ កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងគោលដៅការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ ជនល្មើសមួយចំនួននៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ គម្រាមកំហែងដល់អាយុជីវិតសត្វផ្សោតដ៏មានតម្លៃនេះ។
សូមរំលឹកថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្កោលទោសចំពោះជនល្មើសទាំងឡាយដែលកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយមន្ដ្រីជំនាញនៃរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងឈានទៅបង្ក្រាប និងដាក់ទោសទណ្ឌដល់ជនល្មើស តាមច្បាប់ស្ដីពីជលផល៕ ដោយ៖ នាង ស្រស់