រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកទឹកចិត្តឲ្យសាធារណជនចូលរួមទប់ស្កាត់ និងរាយការណ៍ពេលឃើញបទល្មើស នេសាទខុសច្បាប់នៅតំបន់អភិរក្សសត្វផ្សោត ខណៈបញ្ហាសត្វផ្សោតត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីរដ្ឋាភិបាល កម្ពុជា

0
513

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានលើកទឹកចិត្តសាធារណជនចូលរួមទប់ស្កាត់ និងរាយការណ៍ព័ត៌មាននៅពេលបានជួប និងឃើញបទល្មើសនេសាទខុសច្បាប់កើតមានឡើងនៅតំបន់អភិរក្សសត្វផ្សោត ខណៈបញ្ហាសត្វផ្សោតកាន់តែត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាថែរក្សាទុកជារតនសម្បត្តិធម្មជាតិដល់កូនចៅគ្រប់ជំនាន់បានស្គាល់។

ថ្លែងក្នុងកម្មវិធីសម្ពោធពិព័រណ៍រូបថតអំពី«សត្វផ្សោតទន្លេមេគង្គកម្ពុជា» រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញ និងលើកទឹកចិត្តសាធារណជនចូលរួមទប់ស្កាត់ និងរាយការណ៍នៅពេលឃើញបទល្មើសនេសាទខុសច្បាប់នៅតំបន់អភិរក្សសត្វផ្សោត។ លោកក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទន្លេមិនត្រូវនេសាទខុសច្បាប់ឡើយ ព្រោះ នាំឱ្យប៉ះពាល់ដល់អាយុជីវិតផ្សោត ។

ការជំរុញលើកទឹកចិត្តបែបនេះរបស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្វើឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកចូលរួមកម្មវិធីសម្ពោធពិព័រណ៍រូបថតអំពី«សត្វផ្សោតទន្លេមេគង្គកម្ពុជា» ជាមួយអង្គការមូនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) នៅវិទ្យាស្ថានភាសាបារាំង ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីក្រសួងកសិកម្មក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទន្លេមិនត្រូវនេសាទខុសច្បាប់ តាមរយៈការប្រើសន្ទូចរនង ដែលនាំឱ្យប៉ះពាល់ដល់អាយុជីវិតផ្សោត ពីព្រោះសត្វផ្សោតនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច សហគមន៍មូលដ្ឋានជាដើម។

សូមជម្រាបថា រយៈពេល៤ឆ្នាំចុងក្រោយនេះកម្ពុជាទទួលបានផ្សោតកើតថ្មីចំនួន២៨ក្បាល និងបានងាប់ទៅវិញចំនួន៣៣ក្បាល ខណៈឆ្នាំ២០២២ គឺជាឆ្នាំដែលមានសត្វផ្សោតងាប់ច្រើនជាងគេរហូតដល់ទៅ ១១ក្បាល និងកើតថ្មីត្រឹមតែ៦ក្បាលប៉ុណ្ណោះ។ ដោយឡែក រយៈពេលប្រមាណ១០ខែនៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានសត្វផ្សោតកើតថ្មីចំនួន៧ក្បាលក្នុងនោះងាប់ទៅវិញ៤ក្បាល ដែលចំនួននេះបានបង្ហាញពីសញ្ជាវិជ្ជមានជាងឆ្នាំ២០២២។ នេះបើតាមទិន្ន័យរបស់ WWF។ គួរឱ្យដឹងថា បើតាមរដ្ឋបាលជលផល គិតត្រឹមឆ្នាំ២០២២សត្វផ្សោតមានប្រមាណ៩០ក្បាលរស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង១៨០គីឡូម៉ែត្រ៕