ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ដើម្បីឱ្យបងប្អូនកម្មករនិយោជិតរបស់យើងដែលមានកូនតូច ពិសេសរយៈពេល ៣ខែ ក្រោយលំហែមាតុភាព អាចយកទារក ឬកូនរបស់ខ្លួន ទៅផ្ញើនៅទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ដែលបច្ចុប្បន្ននេះ ទោះបីជាមិនមានទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ក៏រោងចក្រសហគ្រាសត្រូវមានកាតព្វ កិច្ចបង្កើតឱ្យមានបន្ទប់ដើម្បីបំបៅដោះកូន ដែលមានអ្នកថែទាំ និងមើលថែបន្ទប់ទាំងអស់នោះ ក៏ដូចជាមើលថែទារកផងដែរ ដែលក៏ជាចំណាយមួយរបស់និយោជក។
ឯកឧត្តមបន្តថា ការផ្តល់សេវានោះទៀតសោត ក៏មិនមែនជាការផ្ដល់សេវាដោយអ្នកជំនាញ ដូច្នេះនិយោជកគាំទ្រឱ្យមានការបង្កើតទារកដ្ឋានសហគមន៍ ឬមត្តេយ្យ សហគមន៍ ដោយក្នុងនោះនិយោជកនឹងបង្វែរថវិកាដែលខ្លួនធ្លាប់តែប្រើសម្រាប់ដំណើរការបន្ទប់ថែទាំទារករបស់ខ្លួននេះ ទៅជាថវិកាដើម្បីទ្រទ្រង់ដំណើរការទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍នេះវិញ។
រដ្ឋមន្ត្រីក្រសួងការងារបានគូសបញ្ជាក់ថា គោលនយោបាយផ្តល់សាច់ប្រាក់ និងបង្កើតទារកដ្ឋាន និងមតេយ្យសហគមន៍នេះ នឹងធ្វើឱ្យកូនចៅរបស់បងប្អូនកម្មករនិយោជិតមានការលូតលាស់ល្អ មានអាហារូបត្ថម្ភគ្រប់គ្រាន់ មានស្មារតីនិងបញ្ញាញាណរឹងមាំ និងទទួលបានកម្មវិធីអប់រំកុមារតូចតាំងពីបឋមវ័យ (Early Childhood Education) រហូតដល់កម្រិតបឋម ក៏ដូចជាកម្រិតមធ្យមសិក្សាជាបន្តបន្ទាប់។
ឯកឧត្តម បានបន្ថែមថា កូនចៅជំនាន់ក្រោយរបស់បងប្អូនកម្មករនិយោជិតរបស់យើង នឹងកាន់តែមានមូលដ្ឋានអប់រំខ្ពស់។ អ្វីដែលជាក្តីសង្ឃឹមរបស់បងប្អូនកម្មកនិយោជិតដែលកំពុងខិតខំធ្វើការចំពោះមុខនេះ គឺជួយទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាអនាគតដ៏ភ្លឺស្វាងរបស់កូនចៅបងប្អូនកម្មករនិយោជិត។
គួរបញ្ជាក់ថា ការថ្លែងបែបនេះ នាឳកាសដែលឯកឧត្តម អមដំណើរជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣៕ អត្ថបទ៖ នាង ស្រស់