រដ្ឋមន្ត្រីក្រសួងការងារ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីស្រាអែលចូលជួបសម្តែងការគួរសម

0
60

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាបឋមភាគីទាំងពីរបានស្វាគមន៍គ្នាទៅវិញទៅមក និងបានចែករំលែកព័ត៌មានស្តីពីវិបត្តិដែលកំពុងកើតឡើងនៅតំបន់ហ្គាសា។ ឆ្លងតាមរយៈទំនាក់ទនងដ៏ល្អនៃប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពសិក្សាលើកិច្ចសហប្រតិបត្តិការស្តីពីវិស័យការងាររវាងប្រទេសទាំងពីរដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។ ជាមួយគ្នានេះ ឯកឧត្តរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនភាគីអ៊ីស្រាអែលពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលកម្ពុជា បាន និងកំពុងបន្តសហការជាមួយនឹងសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានរំពឹងថា កម្ពុជា និងអ៊ីស្រាអែលនឹងអាចបង្កើតកិច្ចសហការប្រកបដោយផ្លែផ្កានាពេលខាងមុខ៕