រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ គ្មានការលើកលែងចំពោះវប្បធម៌អ្នកធ្វើកិច្ចសន្យា ហើយដោះលែងវិញជាដាច់ខាត ត្រូវតែកសាងសំណុំរឿងទៅតុលាការ ដើម្បីអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

0
271

ភ្នំពេញ៖ នៅចំពោះមុខមន្ត្រីរាជការក្រោមឳវាទ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា«អនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ ធ្វើកិច្ចសន្យា ហើយដោះលែង ដែលជាការអនុវត្តខុសច្បាប់» ការលើកឡើងនេះក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយដ្ឋាន តំបន់ការពារធម្មជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ នៅទីស្តីការក្រសួង។

ការថ្លែងបែបនេះដោយឯកឧត្តមសង្កត់ធ្ងន់ថា៖ «គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឱ្យតែចាប់បាន គឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យា ហើយដោះលែងនោះទេ គឺត្រូវតែកសាង សំណុំរឿង និង ដាក់បន្តទៅតុលាការ ជាដាច់ខាត ហើយប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិឱ្យលោករដ្ឋមន្រ្តី ជាអ្នកសម្រេច»។

គោលបំណងក្នុងជំនួបនេះគឺ សំខាន់ភារកិច្ច កាតព្វកិច្ច របស់មន្រ្តីក្រោមឱវាទ ត្រូវអនុវត្តន៍ឱ្យបានត្រឹមត្រូវហ្មត់ចត់ គឺដើម្បីលើកស្ទួយ ប្រសិទ្ធភាពការងារ ប្រកបដោយប្រសិទ្ធផល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នេះ ដែលក្រសួងបរិស្ថាន បាននឹងកំពុង អនុវត្តរួចទៅហើយ លើអាទិភាពចំនួន៣ គឺ៖ ទី១.កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ទី២. ការផ្តល់ជូនកូនឈើចំនួនជាង ១លានដើម រៀងរាល់ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានតម្រូវការដាំដើមឈើ ដោយឥតគិតថ្លៃ និងទី៣. អេកូទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ ព្រៃសហគមន៍ ធ្វើយ៉ាងណារក្សាឱ្យបានគម្របព្រៃឈើ មានអព្យាក្រឹតកាបូន និងលើកស្ទួយជីវភាព ប្រជាពលរដ្ឋដោយចីរភាព (យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា)៕