រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ វិស័យព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម យើងត្រូវតែរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ខណៈព័ត៌មានក្លែងក្លាយបង្កឲ្យមានហានិភ័យ និងគ្រោះមហន្តរាយដល់ប្រទេសជាតិ

0
327

ខេត្តព្រះសីហនុ៖ ឯកឧត្តម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា វិស័យព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គមហើយយើងត្រូវចូលរួមបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិតដើម្បីវាយបកព័ត៌មានក្លែងក្លាយបាន ហើយព័ត៌មានក្លែងក្លាយបង្កើតឲ្យមានហានិភ័យនិងបង្កគ្រោះមហន្តរាយ សម្រាប់ប្រទេសជាតិ។

ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីបើកដំណើរទស្សនកិច្ចវគ្គបញ្ចប់ របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទសតាមដងទន្លេមេគង្គ-ឡានឆាង ក្រោមប្រធានបទ “ទន្លេរួម អនាគតរួម” នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ ដោយមានការចូលរួមពីលោក Wu Chuanbing អគ្គកុងស៊ុលចិនប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា  លោក លោកស្រី ជាវាគ្មិន ភ្ញៀវកិត្តិយស និងអ្នកសារពត៌មានចូលរួម ៨៦នាក់ ។

ក្នុងកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលនេះ ផ្តោតលើសសរស្ដម្ភចំនួនបីគឺ ១.បញ្ហានយោបាយ និងសន្តិសុខ ២.ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងនិរន្តរភាព និងទី៣.សង្គមវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជនទៅប្រជាជន។ ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើន និងជាការយល់ដឹងរបស់សាធារណៈជនចំពោះកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការចែករំលែកនូវព័ត៌មាន (Information Sharing) សេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ នៃប្រទេសជាសមាជិក។  ការជួបជុំអ្នកសារព័ត៌មានជាតិ និងអ្នកសារព័ត៌មានតាមបណ្តាប្រទេសជាសមាជិកអនុតំបន់ទន្លេមេគង្គនាថ្ងៃនេះ គឺជាការចាប់ផ្ដើមមួយដ៏ល្អប្រសើរ ដើម្បីចែករំលែកបទពិសោធន៍ ពង្រឹងចំណេះដឹង និងវិជ្ជាជីវៈក្នុងចំណោមអ្នកសារព័ត៌មាន នៃបណ្តាប្រទេសសមាជិក ។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ដូចនេះក្នុងនាមយើងជាអ្នកសារព័ត៌មាននៅតាមបណ្ដាប្រទេសទន្លេមេគង្គ ឡានឆាង ចាំបាច់ត្រូវសហការគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយដំណើរការទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ប្រទេសកម្ពុជាលើកនេះក៏ជាផ្នែកមួយបានបង្ហាញអំពីកិច្ចសហប្រតិបត្តិការរួមគ្នាទៅលើការផ្សាយព័ត៌មានពិតអំពីប្រទេសរបស់យើងនីមួយៗទៅកាន់ប្រជាជននៃប្រទេសនីមួយៗក៏ដូចជាការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់ពិភពលោកផងដែរ។

ដូចនេះក្នុងសម័យឌីជីថលព័ត៌មានក្លែងក្លាយបានកើតមានច្រើនដោយបច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយបែបបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើប បាននិងកំពុងធ្វើសកម្មភាពរួមគ្នាដែលបង្កើតបានជារូបភាពថ្មីមួយនៃដំណើរការវិវត្តន៍នៃប្រព័ន្ធផ្សព្វផ្សាយរបស់យើង។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយបុរាណ ២ទសវត្សរ៍មុនបានដើរតួនាទីយ៉ាងសំខាន់ប៉ុន្តែរយៈពេល ២០ ឆ្នាំចុងក្រោយនេះប្រព័ន្ធផ្សព្វផ្សាយទំនើបគឺឌីជីថល បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្ដល់ព័ត៌មានទៅឲ្យប្រជាពលរដ្ឋ ទាំងនេះគឺជាបញ្ហាប្រឈមដែលមានព័ត៌មានក្លែងក្លាយដូចនេះ។ យើងត្រូវផ្សព្វផ្សាយព័ត៌មាន ដែលរឹងមាំ និងអាចទុកចិត្តបាន ផ្សព្វផ្សាយអំពីព្រឹត្តិការណ៍បច្ចុប្បន្ន និងនិន្នាការ នៃថ្ងៃអនាគត៕