រដ្ឋមន្ត្រីក្រសួងព័ត៌មានជម្រុញលើកទឹកចិត្តឲ្យមានការផ្សព្វផ្សាយព័ត៌មានជាភាសាចិន ខណៈប្រជាជនចិនមានចំនួន ជាង១ពាន់លាននាក់

0
509

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា «ក្នុងនាមជាក្រសួងព័ត៌មានយើងគាំទ្រ ឲ្យមានការផ្សព្វផ្សាយព័ត៌មានជាភាសាបរទេស ក្នុងនោះមានភាសាចិនជាផ្នែកមួយដ៏សំខាន់ ព្រោះប្រជាជនចិន មានចំនួនជាង១ពាន់លាននាក់ ដូច្នេះយើងជឿជាក់ថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយនាំយកនូវព័ត៌មានពិត និងរឿងរ៉ាវពិតប្រាកដនៃដំណើរការអភិវឌ្ឍន៍ប្រទេសនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជាទៅដល់ប្រជាជនចិន ក៏ដូចជាប្រជាជនដែលនិយាយភាសាចិន» ការលើកឡើងបែបនេះក្នុងជំនួបជាមួយក្រុមហ៊ុន Influence Media និងសហការីសារព័ត៌មាន កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីខាងលើបន្តថា ការផ្សព្វផ្សាយព័ត៌មានជាភាសាចិននេះ ក្រសួងជឿជាក់ថា ព័ត៌មានដែលទាក់ទងជាមួយប្រទេសកម្ពុជារបស់យើងនឹងត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅកាន់ពិភពលោកបន្ថែមទៀត ព្រោះបានបន្ថែមលើអ្វីដែលជាការផ្សព្វផ្សាយជាភាសាជាតិរបស់កម្ពុជា ដូចជា ភាសាអង់គ្លេស ភាសាបារាំង ហើយហ្នឹងភាសាអារ៉ាប់ ដែលប្រព័ន្ធផ្សព្វផ្សាយជាតិរបស់កម្ពុជាកំពុងតែមាន ខណៈប្រព័ន្ធផ្សព្វផ្សាយ ផ្សេងទៀតកំពុងតែផ្សព្វផ្សាយ។

ឯកឧត្តម នេត្រ ភក្ត្រាបន្ថែមទៀតថា ដោយសារតែកម្ពុជាមានប្រជាជនចិនច្រើនមករស់នៅក្នុងការវិនិយោគ ដូច្នេះការដែលមានសារព័ត៌មានជាភាសាចិននៅក្នុងប្រទេសកម្ពុជា គឺជាប្រភពព័ត៌មានមួយសម្រាប់ផ្តល់ទៅឲ្យបងប្អូនជនជាតិចិនដែលមករស់នៅនឹងមករកស៊ីទទួលទាននៅក្នុងប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមក៏សំណូមពរឲ្យសារព័ត៌មានInnews បន្តជួយផ្សព្វផ្សាយការពិតរបស់ប្រទេសកម្ពុជា ទាក់ទងទៅនឹងសន្តិភាព ការអភិវឌ្ឍន៍ ការរស់នៅសុខដុមរមនារបស់ប្រជាជនកម្ពុជា និងសក្តានុពលទេសចរណ៍ របស់កម្ពុជា ទៅកាន់ប្រជាជនដែលនិយាយភាសាចិន។

គួរបញ្ជាក់ផងដែរថា សារព័ត៌មានInnews របស់ក្រុមហ៊ុន Influence Media គឺជាសារព័ត៌មាន ដែលមាន៣ភាសា ពោលគឺ ភាសាខ្មែរ ចិន និងភាសាអង់គ្លេស ដែលធ្វើឲ្យមានភាពងាយស្រួលដល់អតិថិជន របស់ខ្លួន ក្នុងការអានព័ត៌មាន  ទស្សនារឿងអប់រំជាមួយក្រុមសិល្បៈករ សិល្បៈការនីជាដើម៕ ដោយ៖ នាង ស្រស់