រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវអនុវត្តនូវគោលការណ៍ ចំនួន៣ធំៗ

0
34

ភ្នំពេញ៖ ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវអនុវត្តនូវគោលការណ៍ចំនួន៣ សំខាន់ៗ ១. គោរពក្រមសីលធម៌ ២. សរសេរព័ត៌មានពិតឈរលើប្រភព និងទី៣. ប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។ ព្រោះសារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ។ ការថ្លែងបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានជាង១០០នាក់ ដែលរៀបចំឡើងដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅអគារសេរីភាព ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងធ្វើឲ្យវិស័យសារព័ត៌មាន នៅកម្ពុជាទៅជាវិស័យអាទិភាព ដែលដើរតួនាទីសំខាន់ នឹងជាសម្លេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជាទៅប្រជាជន និងពិភពលោកទាំងមូល។

  រដ្ឋមន្ត្រីក្រសួងព័ត៌មានក្រើនរំលឹកដល់អ្នកសារព័ត៌មានមួយចំនួនដែលបានប្រតិបត្តិការការងារសារព័ត៌មាន ដោយមិនបានចុះបញ្ជីត្រឹមត្រូវ ដូច្នេះសូមមកចុះបញ្ជីឲ្យបានត្រឹមត្រូវដើម្បីប្រតិបត្តិការសារព័ត៌មាន ស្របតាមច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមច្បាប់ និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

ជាមួយគ្នានេះ បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួនប្រមាណ​៥០០អាជ្ញាបណ្ណ ,ស្ថានីយ៍ទូរទស្សន៍មាន ២១ប៉ុស្ត៍,ទូរទស្សន៍ខ្សែកាបមានជាង៩០ប៉ុស្ត៍ ,វិទ្យុFM មានជាង២២១ស្ថានីយ៍នៅទូទាំងប្រទេសចំណែកសារព័ត៌មានអនឡាញមានចំនួនជាង៩០០អាជ្ញាបណ្ណ។

គួរបញ្ជាក់ថា បើតាមការឲ្យដឹងពី ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីកិច្ចការងារគាំពារមន្រ្តី និងអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០ភាគរយ លើសេវាពិនិត្យសុខភាព ដោយគ្រាន់តែអ្នកសារព័ត៌មានអញ្ជើញទៅ បង្ហាញកាតដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន៕ by៖ Sros