រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាននឹងរៀបចំធ្វើឲ្យវិស័យសារព័ត៌មាន ក្លាយជាវិស័យ អាទិភាព ខណៈវិស័យសារព័ត៌មានមានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជាទៅប្រជាជន និងពិភពលោក

0
709

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យវិស័យសារព័ត៌មាន ក្លាយទៅជាវិស័យអាទិភាព ដើរតួនាទីសំខាន់ជាសំលេងរបស់ កម្ពុជា ពោលគឺសារព័ត៌មានទាំអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន និងទៅពិភពលោក។ ការថ្លែងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម គី តិច នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំមេធាវីរាជរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី។​

ថ្លែងក្នុងកិច្ចពិភាក្សា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធភាពលើកិច្ចការពារផ្លូវច្បាប់ ដល់អ្នកសារព័ត៌មានដែលប្រកបវិជ្ជាជីវៈ ត្រឹមត្រូវស្របតាមលក្ខណ្ឌកំណត់ដោយច្បាប់ ក្នុងពេលបំពេញការងារវិជ្ជាជីវៈរបស់ខ្លួនឲ្យបានកាន់តែល្អ  ឯកឧត្តម រដ្ឋមន្ត្រី បានគោរពស្នើសុំ ឯកឧត្តម គី​​ តិច មេត្តាពិនិត្យលទ្ធភាពធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់ រវាបក្រសួងព័ត៌មាន និងក្រុមមេធាវីរបស់ រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់។

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សំភារៈ សម្រាប់បំរើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាព របស់មន្ត្រី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងវិវត្តន៍របស់សង្គម ។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាននោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួម ក៏ត្រូវធ្វើទំនើបកម្មផងដែរ ដោយក្រសួងបាន ដាក់ឲ្យដំណើរការឡើងវិញនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្ពីជាការពង្រឹងសមត្ថភាព របស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។

ពាក់ព័ន្ធកិច្ចពិភាក្សានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គី តិច បានមាន​ប្រសាសន៍លើកពីសាវតានៃក្រុមការងារមេធាវីរាជរដ្ឋាភិបាល បានសហការជាមួយ ក្រសួងព័ត៌មាន តាំងពីរដ្ឋមន្រ្តីអាណត្តិមុន ហើយសម្រាប់អាណត្តិថ្មីនេះ គឺជាបន្តកិច្ចសហការល្អជាមួយគ្នាបន្តទៀត ដើម្បីរួមគ្នាគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីនៅជានាយករដ្ឋមន្រ្តី ដែលអនុញ្ញាត្តអោយក្រុមមេធាវី សម្តេចជួយដល់អ្នកសារព័ត៌មាន ដែលបំពេញការងារបានត្រឹមត្រូវ ។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានឯកភាពធ្វើការពិភាក្សាលំអិតលើកិច្ចការងារសំខាន់ៗ ដើម្បីអាចឈានទៅធ្វើការចុះអនុស្សរណៈនៃការយោគយល់ រវាងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន លើកិច្ចការ​ពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន ។

ជាមួយនេះក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅតែបំពេញការងារ ឱ្យតែមានការស្នើសុំ ត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ។ សម្រាប់មេធាវីរាជរដ្ឋាភិបាល ប្រសិនបើមានតម្រូវការ និងមានការស្នើសុំពីក្រសួងព័ត៌មាន គឺយើងនឹងចូលរួមជួយដល់កិច្ចការងារទាំងនេះអោយដំណើរការទៅបានល្អ។

គួរបញ្ជាក់ថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារអញ្ជើញចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដើម្បីធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងព័ត៌មាន និងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន៕