ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្រោមការដឹកនាំជាយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ កម្ពុជា និងចិនបានបង្កើតក្របខណ្ឌកិច្ច សហប្រតិបត្តិការ ត្បូងពេជ្រ ដោយបានចាប់ផ្តើមពីវិស័យធំៗ ចំនួន៦ រួមមាននយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីផ្តល់កម្លាំងចលករថ្មី ដល់សហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី និងផ្តល់នូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ការថ្លែងបែបនេះក្នុងវេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនលើកទី៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាសណ្ឋាគារសុខាភ្នំពេញ។
ថ្លែងក្នុងវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជា និងប្រទេសចិន គឺជាមិត្តពិតប្រាកដ និងជួយគ្នាក្នុងគ្រាលំបាក ព្រោះប្រទេសទាំង២ជាបងប្អូនល្អ ដែលតែងតែផ្តល់នូវជំនឿជឿជាក់គ្នាទៅវិញទៅមក ជានិច្ច ពោលជាក់ស្តែងឆ្នាំនេះ គឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាព ១០ឆ្នាំនៃការដាក់ចេញនូវ «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ»ផងដែរ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្ថែមថា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» បានជំរុញបន្ថែមទៀតនូវ ការអនុវត្តកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស៊ីជំរៅរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ ដែលជាកម្លាំង ចលករដ៏សំខាន់ក្នុងការផ្ទព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីគ្រប់គ្រងសាធារណៈមតិប្រកបដោយ ប្រសិទ្ធភាព។ តាមរយៈកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រទេសទាំងពីរមានភាពស៊ីជំរៅ និងកាន់តែរឹងមាំ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨មក អគ្គស្ថានីយវិទ្យនិងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានសហការគ្នាផ្សាយវិទ្យុមិត្តភាពកម្ពុជា-ចិន នូវព័ត៌មានថ្មីៗ ពីប្រទេសចិននិងកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ភាគីទាំអពីរបានសហការយ៉ាងល្អក្នុងការផ្សព្វផ្សាយ លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ថ្មីៗនេះ នៅខែមីនា ឆ្នាំ២០២៣ ខ្សែភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា» ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជាបានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពីសមិទ្ធផលផ្លែផ្កែ ដែលកើតចេញពីគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់និងផ្លូវ» ៕