រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកទឹកចិត្តមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម និងផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋប្រកបដោយគុណភាព

0
577

នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាមឱ្យខិតខំពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មជាប្រចាំឱ្យស្របតាមការវិវត្ដនៃបច្ចេកវិទ្យា និងសង្គម ដើម្បីផលិតព័ត៌មានជូនដល់ប្រជាពលរដ្ឋប្រកបដយគុណភាព ផ្សាយឱ្យបានឆាប់រហ័ស និងប្រកបដោយគុណភាពស្របតាមសម័យកាលដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងគ្រប់គ្រងព័ត៌មានមានប្រសិទ្ធភាពដើម្បីធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្តរបស់ខ្លួនលើវិស័យព័ត៌មាន ក៏ដូចជាចូលរួមរៀបចំនិងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។

ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងថា «ធ្វើទំនើបកម្មសមត្ថភាពរបស់មន្ដ្រី គឺស្របតាមការវិវត្ដ នៃបច្ចេកវិទ្យា និងសង្គម»។ សមត្ថភាពរបស់មន្ដ្រី គឺត្រូវតែធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្ដរបស់សង្គម»។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងអាណត្តិទី៧នេះ ក្នុងក្របខណ្ឌ នៃការងាររបស់ក្រសួងព័ត៌មាន បានដាក់ចេញគោលនយោបាយជារួមគឺការកំណែទម្រង់មុខងារសាធារណៈផង និងការធ្វើទំនើបកម្មស្ថាប័ន របស់ក្រសួងព័ត៌មានផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថា នៅក្នុងទិសដៅរបស់ក្រសួងព័ត៌មាន គឺបានកំណត់នូវចក្ខុវិស័យ ធ្វើយ៉ាងណាឱ្យអង្គភាពព័ត៌មាននេះ ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាល និងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ «សម័យបច្ចុប្បន្នបច្ចេកវិទ្យាទំនើប ប៉ុន្តែមន្ត្រីរបស់យើងអត់ទាន់មានជំនាញច្បាស់លាស់នៅឡើយ ដូច្នេះចាំបាច់យើងត្រូវគិតគូរ បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ពួកគាត់បន្ថែម ដើម្បីឲ្យបន្តស៊ី ទៅនឹងអ្វីដែលជាការវិវត្ត នៃប្រព័ន្ធផ្សព្វផ្សាយរបស់យើង»។ ឯកឧត្តមបញ្ជាក់ថា «មន្ត្រីរបស់យើងមិនអាធ្វើការងារត្រឹមតែប្រើប្រាស់ចំណេះដឹងដដែលៗនោះទេ ពោលគឺមន្ត្រីយើងត្រូវតែពង្រឹងសមត្ថភាព និងពង្រឹងចំណេះដឹងដែលយើងមាន ខិតខំប្រឹងប្រែងរៀនសូត្រ ដកបទពិសោធបន្ថែមឱ្យស្របទៅនឹងការវិវត្តន៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាព័ត៌មាន និងនិន្នាការនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ»។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលបានបំពេញការងារនាពេលកន្លងមក បើទោះបីជាជួបការលំបាក និងបញ្ហាប្រឈមខ្វះខាតសម្ភារ យ៉ាងណាក៏ដោយក៏នៅតែជំនះ ទៅលើការបំពេញការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលជូនខេត្ត និងជាតិបានល្អប្រសើរផងដែរ។