ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេស ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។ ការលើកឡើងបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មេបញ្ជាការព្រំដែន អធិការ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល នៅថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៣។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា រាល់ការបំពេញភារកិច្ច គប្បីចៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន។ ករណីរកឃើញនគរបាលរូបណាជាប់ទាក់ទងនឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌជាដើម។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បន្តទៀតថា ដោយសារការវិវត្តនៃសង្គម ក្នុងនាមកងកម្លាំងនគរបាល គប្បីផ្ដោតការយកចិត្តទុកដាក់លើបទល្មើសមួយចំនួនដែលកំពុងកើតមាន ជាអាទិ៍ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ទូទៅគ្រប់ប្រភេទ បញ្ហាក្មេងទំនើង និងបញ្ហាចរាចរណ៍។ ពិសេសជាងនេះ ការជួញដូរផ្លូវភេទ ការជួញដូរមនុស្ស ដែលស្នងការដ្ឋាននគរបាល គួរពិនិត្យលទ្ធភាពបង្កើតយន្តការផ្សព្វផ្សាយអំពីគ្រោះថ្នាក់ ឧបាយកល វិធីបង្ការ និងមធ្យោបាយរំដោះខ្លួនជាដើម ដល់យុវនារី អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋទូទៅ។
ដើម្បីអនុវត្តតួនាទីភារកិច្ច ផ្ដល់ជូនភាពកក់ក្ដៅជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលទាំងអស់ឱ្យបន្តអភិវឌ្ឍសមត្ថភាពជំនាញឱ្យស្របតាមការប្រែប្រួលសង្គមបច្ចុប្បន្ន ជាពិសេសការវិវត្តផ្នែកបច្ចេកវិទ្យា តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឬការរៀបចំវគ្គបំប៉នសមត្ថភាពផ្ទៃក្នុងជាដើម។
ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា នាពេលខាងមុខក្រសួងមហាផ្ទៃ នឹងរៀបចំវគ្គបណ្ដុះបណ្ដាលសំខាន់ៗ សម្រាប់គណៈដឹកនាំស្នងការដ្ឋានរាជធានីខេត្ត និងកម្រិតថ្នាក់ដឹកនាំតាមអង្គភាពនគរបាលចំណុះក្រសួងមហាផ្ទៃផ្សេងៗទៀត៕