ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅកាន់មន្ត្រីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលជាច្រកព្រំដែនរវាងកម្ពុជានិងថៃ ឱ្យមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។ ការប្រកាសជំរុញបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីរូបនេះ បានថ្លែងបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយកំពុងទទួលលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការដឹកទំនិញចេញចូល ដែលតម្រូវឱ្យមន្ត្រីផ្តល់សេវាកម្មត្រូវយកចិត្តទុកដាក់បង្កើនការផ្តល់សេវាប្រកបដោយស្នាមញញឹមរាក់ទាក់ បង្កើនសមត្ថភាពផ្តល់សេវារហ័សទាន់ចិត្តប្រកបដោយទំនុកចិត្ត មានសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរសម្រាប់ភ្ញៀវ។
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងនូវបញ្ហាជាអត្ថិភាពចំនួន៤ធំៗ ដែលត្រូវយកចិត្តទុកដាក់ធ្វើឱ្យមានវឌ្ឍនភាពកាន់តែល្អប្រសើរ ពោលគឺបញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន ពិសេសក្នុងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនេះ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបង្កើនប្រសិទ្ធភាពផ្តល់សេវាច្រកចេញចូលតែមួយ ដែលគួរសិក្សាបង្កើតអគារឬបន្ទប់ផ្តល់សេវាច្រកចេញចូលតែមួយ ងាយស្រួលសម្រាប់មហាជនទូទៅទទួលសេវាកម្ម។ រដ្ឋមន្ត្រីមហាផ្ទៃទទូចឱ្យគ្រប់គ្រងគន្លងផ្លូវចេញចូលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ និងច្រកសម្រាប់ចេញចូលទំនិញឱ្យមានលំហូរជាក់លាក់ ហើយចំណែកបញ្ហាសំខាន់មួយទៀតនោះ គឺការផ្តល់ឯកសារធ្វើយ៉ាងណាឱ្យប្រាដកថាមានភាពងាយស្រួលជាងពេលកន្លងទៅ ពោលគឺកាត់បន្ថយភាពយឺតយ៉ាវសម្រាប់ភ្ញៀវ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានបង្ហាញក្ដីរំពឹងថា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនឹងក្លាយជាទីតាំងផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព សោភ័ណភាព អនាម័យ សន្តិសុខល្អប្រសើរ ដែលនាំមកនូវកិត្យានុភាពជាតិ ប្រការនេះទាមទារឱ្យមន្ត្រីទាំងអស់ចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់៕