កណ្តាល៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម ជឺ សុខ ជាប្រធានសាលាដំបូងខេត្តកណ្តាល ជំនួសឯកឧត្តម ហុក វ៉ាន់ធីណា ដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងខេត្តសៀមរាបវិញ។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម លោកជំទាវ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តមប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនានា ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង ក៏ដូចជាមន្រ្តីតុលាការមួយចំនួនទៀតផងដែរ។
ក្នុងពិធីប្រកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ជឺ សុខ អតីតប្រធានសាលាដំបូងខេត្តសៀមរាប ដែលត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកណ្តាលនាឱកាសនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្តាល អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាលនាពេលកន្លងមក ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាលអនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ហុក វ៉ាន់ធីណា បានដឹកនាំសាលាដំបូងខេត្តកណ្តាលប្រមាណ ៩ឆ្នាំកន្លងទៅនេះ និងថ្នាក់ដឹកនាំនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដែលបានរួមចំណែកក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក៕