រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ចាក់តែមួយដូសអាចរួចផុតពីជំងឺមហារីកមាត់ស្បូនបាន ខណៈការចាក់វ៉ាក់សាំងនេះចាក់ដោយមិនគិតថ្លៃពីប្រជា ពលរដ្ឋឡើយ

0
392

ភ្នំពេញ៖ យោងតាមការផ្តល់បទសម្ភាសន៍មកអ្នកសារព័ត៌មាន ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកឡើងថា ការផ្តល់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី ដែលមានអាយុ៩ឆ្នាំដើម្បី ការពារជំងឺមហារីកមាត់ស្បូន នេះបើតាមការលើកឡើងក្នុងឪកាសដែលឯកឧត្តម អញ្ជើញជាអធីបតីភាពការ ប្រកាសបញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។

រដ្ឋមន្ត្រីរូបនេះបានថ្លែងថា «ការចាក់ថ្នាំបង្ការការពារជំងឺមហារីកមាត់ស្បូននេះ គឺជាការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជាយើង ជាពិសេសក្រសួងសុខាភិបាលបានរៀបចំយូរមកហើយ»។

ឯកឧត្តមបន្តថា «ដូច្នេះនៅពេលនេះ ជាឱកាសជាប្រវត្ដិសាស្ដ្រមួយ ក្នុងនាមខ្ញុំជាមន្ដ្រីសុខាភិបាល មានការរីករាយយ៉ាងខ្លាំង។ ក្នុងនោះចំពោះប្រជាពលរដ្ឋក៏មានការសប្បាយរីករាយ ដែលទទួលបាននូវការផ្ដល់នូវវ៉ាក់សំាង ការពារជំងឺមាត់ស្បូន ដែលចាប់ផ្ដើមពីកុមារីអាយុ៩ឆ្នាំ។ ថ្នាក់បង្ការនេះមានអត្ថប្រយោជន៍សម្រាប់មួយជីវិត គឺចាក់តែមួយលើក (១ដូស) នៅពេលនេះ គឺការពារនូវជំងឺមហារីកមាត់ស្បូនបានរហូតដល់ទៅ៩០% ក្នុងមួយជីវិត»។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បួនមានតម្លៃថ្លៃ តែរាជរដ្ឋាភិបាលកម្ពុជាយើង វិនិយោគសម្រាប់វិស័យសុខាភិបាលដោយប្ដូរផ្ដាច់ ដូច្នេះត្រូវតែផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​។ នេះជាសមិទ្ធិផលថ្មីមួយ ក្រោមការដឹកនំាដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕