រដ្ឋមន្ត្រីក្រសួងអប់រំ ៖ការអានគឺជាប្រភពនៃចំណេះដឹង សម្រាប់បណ្តុះបញ្ញាញាណក្លាយ ជា មូលធនមនុស្សពិតប្រាកដ

0
603

ភ្នំពេញ៖ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអានគឺជាប្រភពនៃចំណេះដឹង ហើយការអាននិងសរសេរនេះទៀតសោតគឺមានសារៈសំខាន់ណាស់សំរាប់បណ្តុះបញ្ញាញាណរបស់យុវជនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដ ហើយអំណានគឺជាមូលដ្ឋានគ្រឹះដើម្បីចាប់យកចំណេះវិជ្ជាផ្សេងៗទៀត។ ជាងនេះទៀត លោកក៏អំពាវនាវឱ្យកុមារា កុមារី ឬឪពុកម្តាយ គួរស្វែងរកកញ្ចប់អំណាន និងគណិតវិទ្យាដំបូង ដើម្បីបង្រៀនកូនៗឱ្យចេះភាសាជាតិឱ្យបានច្បាស់ ទើបអាចរៀនភាសាបរទេសផ្សេងៗបានច្បាស់។ លោកបានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញសម្ពោធពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ» នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ទន្ទឹមនឹងការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងអប់រំខាងលើនេះ លោក ពុយ គា ជាអ្នកនិពន្ធសៀវ ភៅមួយរូប បានលើកឡើងដែរថា ការអានពិតជាមានប្រយោជន៍ណាស់ ព្រោះធ្វើឱ្យគិតបានលឿន ការចងចាំបានល្អ មានទស្សនៈវែងឆ្ងាយ។ លោកស្នើឪពុកម្តាយកាត់បន្ថយការបណ្តោយ ឱ្យកូនមើល ទូរស័ព្ទដែលនាំឱ្យប៉ះពាល់ដល់ភ្នែក និងការរៀនសូត្រ ហើយក៏ស្នើឱ្យមានការរៀបចំកម្មវិធីពិព័រណ៍ សៀវភៅនេះនៅតាមបណ្តាខេត្តផ្សេងៗទៀត។

ចំណែកអ្នកនិពន្ធសៀវភៅមួយរូបទៀត គឺអ្នកនាង សែត ហត្ថា ហៅ«កូនចាបមាស» ក៏បានលើកឡើង ដែរថា ការអានសៀវភៅជាផ្នែកមួយដែលរុញច្រានរូបគាត់មកដល់ថ្ងៃនេះ ហើយការអានគឺជួយសង្រ្គោះ យើងឱ្យចេញពីភាពលំបាកទៅភាពល្អជាងមុន។ ដូច្នេះឪពុក ម្តាយ ឬអាណាព្យាបាលគួរចំណាយពេល សួរ ឬឆ្លើយជាមួយកូនៗ និងធ្វើជាគំរូដល់កូន ដោយកាន់សៀវភៅយកមកអាន ឬនាំកូនៗចូលរួមក្នុង កម្មវិធីពិព័រណ៍ផ្សេងៗ ដែលមានប្រយោជន៍សម្រាប់គេ និងស្នើស្ថាប័នពាក់ព័ន្ធរៀបចំកម្មវិធីនេះ នៅតាម បណ្តាខេត្តក្រុងផ្សេងៗទៀត។

សូមជម្រាបថា ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣នេះ គឺរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានស្តង់ពិព័រណ៍សៀវភៅប្រមាណជាង៣០០ស្តង់ដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល។ នៅក្នុងពិព័រណ៍នេះលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ក៏ជូនពរឱ្យ១០ឆ្នាំខាងមុខពិព័រណ៍សៀវភៅ ទទួលបានអ្នកចូលរួមពី១លានទៅ២លាននាក់ ហើយប្រែក្លាយពិព័រណ៍នេះទៅជាព្រឹត្តិការណ៍ជាតិធំជាងគេនៅកម្ពុជា៕