ភ្នំពេញ៖ យោងតាមស្ថិតិពាណិជ្ជកម្មកម្ពុជា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ៩ ពាន់៩៩លានដុល្លារអាមេរិក ដោយក្នុងនោះទំហំនាំចេញពីកម្ពុជា ទៅចិនគិតជាទឹកប្រាក់មានចំនួន១ពាន់ ៥៩លានដុល្លារអាមេរិក។នេះជាការ បញ្ជាក់របស់លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធី ការជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងទីក្រុងឆាងសា នៃប្រទេសចិន នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនេះ លោកជំទាវបានលើកឡើងថា ទំហំនាំចូលពីចិនមកកម្ពុជា គិតជាទឹកប្រាក់មានចំនួនជាង៨ពាន់ ៤០លាន ដុល្លារអាមេរិក ចំណែកទំហំពាណិជ្ជកម្មសរុបដោយប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងទៅ មានចំនួន៨ពាន់ ៧៩៦លានដុល្លារអាមេរិក។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះបន្ថែមថា ចំនួនទាំងនេះមានការកើនឡើងប្រមាណ៣% ដែលជាសញ្ញាវិជ្ជមាន យ៉ាងខ្លាំងចំពោះសកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន ហើយយើងក៏រំពឹងថាសកម្មភាព ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងនៅតែបន្តកើនឡើងបន្ថែមទៀត៕