កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យចំទៅនឹងតម្រូវការមូលដ្ឋាន និងដាក់ទិសដៅ រៀនឱ្យចប់ ឱ្យចេះ និងមានការងារធ្វើ។ ជាមួយគ្នានេះសម្តេចធិបតី បានលើកឡើងថា ដើម្បីចៀសផុតពីការចេញសញ្ញាបត្រសេះហោះ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ត្រូវផ្ដោតលើការអនុវត្តឱ្យបានច្រើនជាងទ្រឹស្ដី។
ការលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ
គួរបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលថ្មី ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១នេះ គឺរដ្ឋាភិបាលបានរៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥លាននាក់ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ អនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពការងារនៅកន្លែងការងារដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍៕