រដ្ឋាភិបាលកម្ពុជា កំពុងខិតខំធ្វើការសហការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែលយ៉ាងយកចិត្តទុកដាក់ ដើម្បីចល័តពលរដ្ឋ និង និស្សិតកម្ពុជា​ ទៅកាន់ទីតាំងសុវត្តិភាព

0
44

ភ្នំពេញ៖ យោងតាមសារសម្លេងក្នុងតេឡេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលអង្គភាពសារព័ត៌មាន innews ទទួលបាន ​នា​រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះថា «នៅក្នុងចំណោមពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​ ៤៥៤ នាក់នោះអាជ្ញាធរបានទាក់ទងបានទាំងអស់គ្នា ខណៈក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤៥៤ នាក់ មាន ៣២៣នាក់បានចល័តដល់ទីតាំងសុវត្ថិភាព និង ១៥១ នាក់ កម្ពុជា កំពុង​ខិត​ខំ​ធ្វើការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែល ដើម្បីចល័តទៅកាន់ទីតាំងសុវត្ថិភាព»។

ក្នុងសារសម្លេងពិសេសរបស់សម្ដេចធិបតី បានថ្លែងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣​នេះ ​រាជរដ្ឋាភិបាលកម្ពុជា កំណត់បាន​ចំនួន​ពលរដ្ឋ​ខ្មែរដែ​ល​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល គឺមានចំនួន ៤៥៤ នាក់ បូករួមទាំងនិស្សិត ១នាក់ បានរងគ្រោះស្លាប់។

នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា នៅក្នុងចំណោមពលរដ្ឋ និងនិស្សិតខ្មែរចំនួន ៤៥៤ នាក់​នោះ​អាជ្ញាធរ​បាន​ទាក់​ទង​បានចំនួន ៤៥៤ នាក់ ពោលគឺទាក់ទងបានទាំងអស់គ្នា ដែលមកដល់ម៉ោងនេះ គឺ​ផ្ទាល់​តែម្ដង​ដែលបញ្ជាក់អំពីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៊ីស្រាអែល។ សម្ដេចធិបតីថ្លែងថា រាជដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នៅបន្តតា​ម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ រហូត​ដល់​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​គ្រប់​រូប​បាន​ដល់​ទី​សុវត្ថិភាព​គ្រប់​ៗ​គ្នា​។

ទោះជាយ៉ាងណាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអ៊ីស្រាអែលទាំងអស់ ជា​ពិសេស​និស្សិត បន្តយកចិត្តទុកដាក់នូវការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស និស្សិត​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងគោរពឱ្យបានម៉ឺងម៉ាត់ ចំពោះរាល់​ការ​ណែនាំ​របស់​អាជ្ញាធរ​អ៊ីស្រាអែល និងសូមរក្សាភាពស្ងៀមស្ងាត់ និងជឿ​ជាក់​លើ​សមត្ថភាព​របស់អាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះនៅក្នុងការធានាសុវត្ថិភាព ជូ​ន​ប្រជា​ពលរដ្ឋ​ទាំង​អស់ រួមមានប្រជាពលរដ្ឋអ៊ីស្រាអែល និងគ្រប់ជនជាតិ ដែលរស់​នៅ​លើ​ទឹក​ដី​អ៊ី​ស្រាអែល រួមទាំងបងប្អូនខ្មែរផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែតបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែល បានបញ្ជាក់​ប្រាប់​បណ្ដា​ប្រទេស​ដែល​មាន​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេសអ៊ីស្រាអែលថា អ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាព ជូន​ប្រជាពលរដ្ឋគ្រប់រូបដែលនៅក្នុងប្រទេស មិនថាប្រជាជនអ៊ីស្រាអែល ឬជនបរទេសនោះទេ គឺ​រដ្ឋាភិបាលអ៊ីស្រាអែល និងផ្ដល់ការជួយជនបរទេសដូចប្រជាជនអ៊ីស្រាអែលផងដែរ៕