រដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស ដើម្បីគាំពារស្ត្រីមានផ្ទៃពោះ អំឡុងពេលមានផ្ទៃពោះ

0
53

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ បើតាមរបាយការណ៍ថ្មីមួយ គិតពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង៤ម៉ឺន៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ដោយប្រើប័ណ្ណ ប.ស.ស.។

ជាក់ស្តែងដូចអ្នកនាង កួន ស្រីទូច កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំបាក់ បានមកសម្រាលកូនទី២ ក្នុងមន្ទីរ ពេទ្យព្រះអង្គឌួង ដោយប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស បានលើកឡើងថា គាត់មិនមានការចំណាយលុយ ក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ តែថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល៨០ម៉ឺន រៀលទៀត។

កម្មារិនីកាត់ដេរខាងលើបន្ថែមថា មុនពេលសម្រាលកូន គាត់ក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងផងដែរ។ កម្មការិនី កួន ស្រីទូច ប្រាប់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺមិនពិបាកទេ ដោយមុនដំបូងត្រូវយកឯកសារទៅដាក់នៅការិយាល័យ ប.ស.ស. រួមមាន ប័ណ្ណ ប.ស.ស. អត្តសញ្ញាណប័ណ្ណ សៀវភៅពិនិត្យផ្ទៃពោះ ដើម្បីទទួលឯកសារបញ្ជាក់ពី ប.ស.ស. បន្ទាប់មកគឺភ្ជាប់ឯកសារនោះ យកទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យបានហើយ។

ចំណែកលោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យនៃមន្ទីរពេទ្យព្រះអង្គឌួង ទទួលបន្ទុកផ្នែក ប.ស.ស. បង្ហាញថា រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ មានស្ត្រីមកពិនិត្យផ្ទៃពោះ និងសម្រាលកូន ចំនួនជាង២ម៉ឺន៦ពាន់នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈការប្រើប័ណ្ណ ប.ស.ស.។

លោកស្រី លើកទឹកចិត្តចំពោះស្ត្រីមានផ្ទៃពោះ មានប័ណ្ណ ប.ស.ស. មកពិនិត្យផ្ទៃពោះឲ្យបានទៀតទាត់តាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ ក៏ដូចជាអាចទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស. បានឆាប់រហ័សផងដែរ។ លោកស្រី បញ្ជាក់ថា ខាង ប.ស.ស. បានផ្តល់កម្មវិធីស្វ័យ ប្រវត្តិកម្មទិន្នន័យ មកខាងមន្ទីរពេទ្យ ដែលមានភាពងាយស្រួលសម្រាប់មន្ទីរពេទ្យអាចបញ្ចូលព័ត៌មានរបស់ស្ត្រីមកពិនិត្យ និងសម្រាលកូននៅក្នុងមន្ទីរពេទ្យ ហើយបញ្ជូនទៅកាន់ផ្នែក ប.ស.ស. វិញ បានឆាប់រហ័សដើម្បីបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនអ្នកជំងឺមានផ្ទៃពោះ។

គួរបញ្ជាក់ថា គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕