រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញានឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែរឹងមាំ កាន់តែមានបាន ដើម្បីធ្វើជាកម្លាំងប្រកបដោយសក្ដានុពលសម្រាប់ប្រទេសជាតិ

0
51

កណ្តាល៖ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញានឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែរឹងមាំ កាន់តែមានបាន ហើយពង្រឹងសមត្ថភាពកាន់តែខ្លាំងដើម្បីធ្វើជាកម្លាំងប្រកបដោយសក្ដានុពលសម្រាប់ប្រទេសជាតិ។នេះជាការបញ្ជាក់របស់ សម្តេចធិបតី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អ្វីៗដែលរាជរដ្ឋាភិបាលធ្វើគឺបុព្វហេតុតែមួយគត់គឺដើម្បីជាតិនិងប្រជាជន បម្រើប្រជាជន ឱ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍ។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន ២៩រោងចក្រ ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២​ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​​ សម្ដេចធិបតី បានថ្លែងបន្តថា គណបក្សប្រជាជនមិនបោះបង់បងប្អូនចោលទេ ធ្វើយ៉ាងណាឱ្យជីវភាពប្រជាជនរបស់យើងកាន់តែល្អប្រសើរ ព្រោះប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនារបស់ប្រទេស។

សូមបញ្ជាក់ថា ពិធីសំណេះសំណាលនៅព្រឹកនេះ មានកម្មករ កម្មការិនី មកពីរោងចក្រ សហគ្រាសទាំង ២៩ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០  រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ៣  រោងចក្រដេរស្បែកជើង ចំនួន​ ២  រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន ១ និងរោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១​​ ៕