រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនចាត់ទុកវិស័យឯកជន ឬអាជីវករ ជាសត្រូវឡើយ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលចាត់ទុកជាដៃគូមិនអាចខ្វះបាន ហើយក៏ជាគោលដៅ ត្រូវជួយដូចគ្នា ។
ថ្លែងនាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាព ទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើ និងអំពាវនាវដល់វិស័យឯកជន អាជីវករលក់ថ្នាំ និងចំណីអាហារ ចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់គុណភាពផលិតផល និងចំណីអាហាររបស់ខ្លួន ដើម្បីសុខភាពទាំងអស់គ្នា ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ៖ «ជាការពិតណាស់ ការអនុវត្តនូវវិធានការតឹងរឹង ដើម្បីសុខភាពប្រជាពលរដ្ឋ គឺជាការចាំបាច់ ប៉ុន្ដែក៏ត្រូវមានការបត់បែន ត្រូវមានភាពសហការគ្នាផងដែរ» ។
សម្ដេចធិបតី បន្ដថា រដ្ឋ គឺជាអ្នកគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ដើម្បីឲ្យប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រកបរបរលក់លក់ចំណីអាហារ លក់ថ្នាំ អាចប្រកបរបរដោយជោគជ័យ និងមានប្រសិទ្ធិភាព ក្នុងការផ្ដល់នូវ ចំណីអាហារ ឬថ្នាំ ដល់ប្រជាពលរដ្ឋដោយមិនមានបញ្ហាអ្វីឡើយ ។
សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ រាជរដ្ឋាភិបាល មិនចាត់ទុកបងប្អូនជាសត្រូវទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល ចាត់ទុកបងប្អូនជីវករ ចាត់ទុកបងប្អូនអ្នកលក់ ទាំងអនឡាញ ទាំងផ្ទាល់ទាំងអស់ ទាំងចំណីអាហារ ទាំងថ្នាំ គឺដៃគូមិនអាចខ្វះបាន ហើយជាគោលដៅដែលរដ្ឋ ត្រូវបានជួយដូចគ្នា» ។
នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា «ប៉ុន្ដែទំហំ នៃតម្រូវការរបស់ប្រជាជន មិនមែនត្រូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវនោះទេ ប៉ុន្ដែត្រូវសំខាន់បំផុត គឺបញ្ហាសុខភាព ជីវភាពរស់នៅ ជាមួយសុខភាពនេះ គឺជាតម្រូវការ អញ្ចឹងហើយការរៀបចំពេទ្យលក្ខណៈទ្រង់ទ្រាយធំនេះ គឺជាយុទ្ធសាស្ដ្រយូរអង្វែង សម្រាប់ដោះស្រាយ ចំពោះមុខកំណើនជំងឺផ្សេងៗ»៕