ដើម្បីលើកកម្ពស់ គុណភាព និងប្រសិទ្ធភាព រដ្ឋាភិបាលរៀបចំបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សំរាប់ដោះស្រាយវិវាទ

0
893

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «រាជរដ្ឋាភិបាលកំពុងអនុវត្ត ការកែទម្រង់សំខាន់ៗជាច្រើន ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល ក៏ដូចជា ការត្រៀមខ្លួនទប់ទល់នឹងការវិវត្តន៍ថ្មីៗ ទាំងមានការនយោបាយក្នុងតំបន់ និងពិភពលោក ដែលពិបាកប៉ាន់ស្មាន»។ ការថ្លែងរបស់សម្តេចធិបតីបែបនេះ នាឳកាសដែលសម្តេចដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រទី ២៧ ខែ តុលានេះ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។

ក្នុងពិធីនេះ សម្តេចធិបតី បានមានប្រសាសន៍ថា «គណៈរដ្ឋមន្រ្តីពិភាក្សាទៅលើរបៀបវារៈសំខាន់ៗដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្ដ ក៏ដូចជាកិច្ចការចាំបាច់ដែលត្រូវធ្វើ ដើម្បីអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជាឲ្យទទួលបានជោគជ័យ»។

ជាមួយគ្នានេះ​ សម្តេចធិបតី បានបន្តថា «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដែលជារបៀបវារៈទី១នោះ ជាវិធានការមួយ នៃការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាប្រធានគន្លឹះមួយ»។

នាយករដ្ឋមន្ត្រីអាណត្តិទី៧ បានបញ្ជាក់ថា «របៀបវារៈនេះមានសារៈសំខាន់ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋរបស់យើង ការរៀបចំកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាយន្តការបន្ថែមប្រព័ន្ធដោះស្រាយវិវាទមួយសំខាន់ដែលរាជរដ្ឋាភិបាលបានជំរុញក្នុងការដោះស្រាយនេះ ដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធភាព នូវភាពរហ័សរហួន នៃការដោះស្រាយវិវាទ គឺក្នុងគោលបំណងទីមួយ គឺកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី ។ ទីពីរ បង្ខិតសេវាដោះស្រាយវិវាទឲ្យកាន់តែជិតប្រជាពលរដ្ឋ ។ និងទីបី គឺធានាបាន នូវសុខុដុមរមនា និងយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋ »។

គួរបញ្ជាក់ថា បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា «ការដាក់ចេញគោលនយោបាយអាទិភាពសម្រាប់ផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ គ្រួសារហានិភ័យ និងកសិកររបស់យើង ។ ការរៀបចំនេះគឺបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការដោះស្រាយបញ្ហា»៕