របាយការណ៍៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានរំពឹងថា នឹងបន្តងើបឡើងបន្ថែមទៀត ក្នុងរង្វង់ ៦,៤%

0
64

ភ្នំពេញ៖ យោងតាមរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនៈវិស័យឆ្នាំ២០២៤ ចេញផ្សាយថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់ ៦,៤% ដែលគាំទ្រជាចម្បងដោយការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។

របាយការណ៍បានបង្ហាញថា  វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងងើបឡើងដោយសារភាពប្រសើរឡើងនៃ ស្ថានភាពទេសចរណ៍ក្នុងតំបន់ ព្រមទាំងការបន្តអភិវឌ្ឍន៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលនឹងគាំទ្រដល់វិស័យនេះ។ តាមរយៈការអនុវត្តច្បាប់វិនិយោគថ្មី វិស័យកម្មន្តសាលត្រូវបានរំពឹងថានឹង សម្រេចបានកំណើនល្អជាងឆ្នាំ២០២៣ ជាពិសេស ផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ហើយវិស័យកាត់ដេររំពឹងថានឹងងើបឡើងជាលំដាប់។ វិស័យកសិកម្មត្រូវបានព្យាករណ៍ថា នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយទទួលបានអត្ថប្រយោជន៍ពីការបន្តធ្វើពិពិធកម្មទីផ្សារទៅកាន់ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីនានា គួបផ្សំនឹងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយ ផលិតកម្ម និងទីផ្សារ។

ជាមួយគ្នានេះ​ វិស័យសំណង់និងអចលនទ្រព្យដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លងមក ត្រូវបានព្យាករណ៍ថានឹងបន្តមានកំណើនទាប ដែលនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្តោតលើលំនៅឋានដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណិតដែលបម្រើដល់អនិវាសនជន ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។ អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករណ៍ថាមានកម្រិត២៥% ខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដែលជាចម្បងដោយសារការរំពឹងថាថ្លៃប្រេងនៅពិភពលោកអាចនឹងកើនឡើង បន្ទាប់ពីក្រុមប្រទេសនាំចេញប្រេងមានគម្រោងកាត់បន្ថយការផ្គត់ផ្គង់។

របាយការណ៍ខាងលើបានឱ្យដឹងដែរថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ត្រូវបានមូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ថាមានកំណើន ៣% ទាបជាងឆ្នាំមុន (៣,៥%) ដោយសារការបន្តអនុវត្តន៍នយោបាយរូបិយវត្ថុរឹតត្បិត ដែលបានដាក់សម្ពាធលើការប្រើប្រាស់និងវិនិយោគ ស្របពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយ បានជះឥទ្ធិពលអវិជ្ជមានដល់កំណើនផលិតកម្ម និងពាណិជ្ជកម្មអន្តរជាតិ។

នៅកម្ពុជា កំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា បន្តងើបឡើងក្នុងអត្រា ៥,៥% ខ្ពស់ជាង ឆ្នាំមុនបន្តិច(៥,២%) ដែលគាំទ្រជាចម្បងដោយកំណើនវិស័យទេសចរណ៍ និងផលិតផលកម្មន្តសាល មិនមែនកាត់ដេរ បើទោះបីជាវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និងកសិកម្មមានកំណើនទាបក៏ដោយ។ វិស័យទេសចរណ៍បានកើនឡើងជាលំដាប់ និងបានរួមចំណែកជំរុញការងើបឡើងនៃ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដែលពាក់ព័ន្ធ ដូចជា ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទូរគមនាគមន៍ ជាដើម។

ការនាំចេញផលិតផលមិនមែនកាត់ដេរ ដូចជា គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត និងបន្ទះសូឡាទទួលបានកំណើនល្អ ខណៈដែលការនាំចេញសម្លៀកបំពាក់ និងស្បែកជើងបានទទួល រងផលប៉ះពាល់ពីការធ្លាក់ចុះតម្រូវការនៃប្រទេសដៃគូពាណិជ្ជកម្មចម្បងៗ ជាពិសេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ វិស័យសំណង់ ទទួលបានកំណើនទាប ដែលជាចម្បងត្រូវបានជំរុញដោយការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈដែលការវិនិយោគបរទេសនៅក្នុងវិស័យអចលនទ្រព្យបានថយចុះ។ វិស័យកសិកម្មបានកើនឡើងបន្តិច ដែលគាំទ្រដោយកំណើន តម្រូវការក្រៅប្រទេស និងភាពអំណោយផលនៃកត្តាអាកាសធាតុ៕