រយៈពេលជាង៣០ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាខិតខំក្នុងវិស័យសម្អាតមីន ខណៈមិត្តចិនតែងជួយក្នុងវិស័យនេះ

0
224

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លីធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានមានប្រសាសន៍ថា រយៈពេលជាង៣០ឆ្នាំកន្លងទៅមកនេះ រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយ៉ាង ខ្លាំងក្លា ក្នុងវិស័យសកម្មភាព មីននៅក្នុងប្រទេសកម្ពុជា ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងដើម្បីប្រែក្លាយដីចម្ការមីន ឲ្យក្លាយជាដីដាំដុះ លំនៅដ្ឋាន និងដីដែលផ្តល់នូវប្រាក់ចំណូលជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងប្រគល់ទទួលសម្ភារៈ រវាង អាជ្ញាធរមីន និងក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅអាជ្ញាធរមីន។

ឯកឧត្តមបណ្ឌិត លីធុជ បានបន្តថា ក្រោមកិច្ចសម្របសម្រួលពីក្រសួងការបរទេស និងក្រសួងការពារជាតិ នៃប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ២០២៣មានចំនួន ០៦វគ្គ មកហើយដែលមន្ត្រីអាជ្ញាធរមីន មជ្ឈមណ្ឌលជាតិ NPMEC កងទ័ពជើងគោក ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិចំនួន ១៩៩នាក់ បានទទួលការ​ឧបត្ថម្ភឲ្យចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅទីក្រុងណានជីន រួមទាំងការផ្តល់សម្ភារបោសសម្អាតមីនដល់សិក្ខាកាមកម្ពុជាផងដែរ។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា  សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ថវិកាជួសជុលអគារមជ្ឈមណ្ឌល បោសសម្អាតមីនអាស៊ាន (ARMAC) ក្នុងឆ្នាំ២០១៥ រួមទាំងការបំពាក់គ្រឿងបរិក្ខាក្នុងអាគារ ARMAC និងការផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់ដំណើរការដល់មជ្ឈមណ្ឌលនេះ។

ជាមួយគ្នានេះលោក MA Shengkun អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងអាវុធ ក្រសួងការបរទេស សាធារណរដ្ឋប្រជាមានិតចិន​ បានមានប្រសាសន៍ថា សារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសម្អាតមីនខ្ញុំជឿរជាក់ថា នេះគឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក៏ជាផ្នែកសំខាន់ក្នុងការកសាង សហគមន៍រួមរវាងកម្ពុជាចិន ហើយក៏ជាវិធានការណ៍ដ៏សំខាន់សម្រាប់ប្រទេសចិន ក្នុងការអនុវត្តន៍គំនិតផ្តួចផ្តើម និងរួមចំណែកជាមួយប្រទេសកម្ពុជាក្នុងការសម្អាតមីនឲ្យក្លាយទៅជាប្រទេសដែលគ្មានមីន។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងប្រគល់ទទួលសម្ភារៈ រវាង អាជ្ញាធរមីន និងក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន មានការអញ្ជើញចូលរួមពី លោក MA Shengkun អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងអាវុធ ក្រសួងការបរទេស សាធារណរដ្ឋប្រជាមានិតចិន​ និងឯកឧត្តម Wang Wantian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិត ចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងគណៈប្រតិភូនៃមហាមិត្តចិន៕