រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សារៀបចំទារកដ្ឋាន សម្រាប់មើលថែ និងបង្រៀនកូនៗរបស់កម្មករ ដើម្បីផ្តល់ ឳកាសឲ្យបងប្អូនកម្មករមានពេលទៅធ្វើការងារ

0
494

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន២ពាន់នាក់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សារៀបចំទារកដ្ឋាន សំរាប់មើលថែ និងបង្រៀនកូនៗរបស់កម្មករ ដើម្បីផ្តល់ឱកាសឲ្យបងប្អូនកម្មករមានពេលទៅធ្វើការងារ ចំណែកកូនៗមានអ្នកមើលថែ និងបង្រៀន»។

ជាមួយគ្នាបែបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា »។

 ពាក់ព័ន្ធរឿងនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់ឲ្យដឹងថា «ចំណុចនេះក្រសួងបានលើកជាគំនិតសិក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងម្ចាស់តំបន់សេដ្ឋកិច្ច និង ម្ចាស់សួនឧស្សាហកម្ម ដើម្បីគិតអំពីយន្តការ នៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការ រក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងនោះ»។

យ៉ាងណាមិញ រាជរដ្ឋាភិបាល បានគិតគូរជាជំហាន ដើម្បីជួយសម្រួលដល់កម្មករ-កម្មការិនីដែលមកធ្វើការជួបការលំបាកក្នុងការថែទាំកូនដោយខ្លះអាចយកកូនទៅផ្ញើអ្នកជិតខាង ឬជួលអ្នកថែទាំ ដែលត្រូវចំណាយបន្ថែម និងបារម្ភពីសុវត្ថិភាពកូនផងនោះ។ ដូចនេះ ការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាស គឺជាការគិតគូរពីអត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង និងថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗបានមួយកម្រិត ក៏ដូចជាលើកកម្ពស់អត្រាចូលសិក្សារបស់កុមារចាប់ពីកំរិតមត្តេយ្យផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន ២ពាន់នាក់នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ ៕