រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើដល់បងប្អូនប្រជាពលឱ្យអស់ពីសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត និងការស្រឡាញ់របស់បងប្អូនចំពោះរាជរដ្ឋាភិបាល

0
533

ភ្នំពេញ៖ បើមិនមានមូលដ្ឋានគ្រឹះរឹងមាំ ដែលកសាងបានក្នុងរយៈពេលជាង ៤០ ឆ្នាំរបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកន្លងមក គឺរាជរដ្ឋាភិបាលអាណត្តិទី ៧ ក៏នឹងលំបាកក្នុងការបន្ត និងអនុវត្តគោលនយោបាយដើម្បីអភិវឌ្ឍជាតិ និងបម្រើប្រជាជននោះដែរ ដូចនេះក្នុងនាមរាជរដ្ឋាភិបាល សូមធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើដល់បងប្អូនប្រជាពលឱ្យអស់ពីសមត្ថភាព ឆ្លើយតបទៅនឹងសេចក្តីទុកចិត្ត និងការស្រឡាញ់របស់បងប្អូនចំពោះរាជរដ្ឋាភិបាល ។នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៦ វិច្ឆិកា ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម៖

ថ្លែងក្នុងអង្គពិធីសម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជាដំណាក់កាលពង្រឹង ជាជាងការពង្រីក ដោយផ្តោតលើការផ្តល់សេវាសាធារណៈនៅតាមមូលដ្ឋាន ។ ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវ៖ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, វិធានាការគន្លឹះ ៥ចំនុច និងគោលនយោបាយអាទិភាពទាំង ៦ ដែលមានគោលបំណងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការដែលយើងបានធ្វើ ត្រូវតែបន្ត ហើយបន្តសម្រួចដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងបម្រើដល់ប្រជាជនបានលឿន និងទាន់ពេលវេលា។ ដូចនេះ ការផ្ទេរអំណាច និងប្រតិភូកម្មដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការពង្រឹងបន្ថែមទៀត តាមរយៈការពង្រាយសេវាសាធារណៈខិតជិតប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ។

សម្តេចធិបតីបានបន្ថែមថា  មន្ត្រីមូលដ្ឋានទាំងអស់ ត្រូវយល់ច្បាស់អំពីតម្រូវការ ហើយមានលទ្ធភាពអាចដោះស្រាយបាននៅនឹងកន្លែង និងមានសមត្ថភាពក្នុងការដឹកនាំ និងគ្រប់គ្រង ក្នុងនោះជាសក្ខីភាពស្រាប់ បញ្ហាកូវីដ-១៩ គឺបានបញ្ជាក់ច្បាស់អំពីប្រសិទ្ធភាពក្នុងការធ្វើប្រតិភូកម្ម ដោយបានផ្ទេរការដឹកនាំ ការទទួលខុសត្រូវ និងម្ចាស់ការលើការងារ ដែលអាចសម្រេចបានលទ្ធផល និងប្រសិទ្ធភាពក្នុងពេលអនុវត្ត ៕