ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមកុំដំឡើងថ្លៃ គួរតែរក្សាថ្លៃជួលដដែល ដើម្បីរក្សាបាននូវប្រភពចំណូលរបស់ខ្លួនឯងផង និងជួយដល់បងប្អូនកម្មករនិយោជិត ស្របពេលដែលប្រាក់ឈ្នួលអប្បបរមា ត្រូវបានដំឡើងដល់២០៤ដុល្លារអាមេរិកក្នុងមួយខែសម្រាប់ឆ្នាំ២០២៤ខាង មុខនេះ។
ការលើកឡើងបែបនេះ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈតេឡេក្រាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “ខ្ញុំសូមអបអរសាទរ ជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ”។
នាយករដ្ឋមន្ត្រីកម្ពុជាបន្ថែមថា “ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សា នូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ ស្តីពីភិតិសន្យាពិសេស ដែលនៅជាធរមានផង”។
គួរបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិត ដែលជាអ្នកជួលបន្ទប់មានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះជួលបាន៕