ភ្នំពេញ៖ យោងតាមលិខិតរបស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលអង្គភាពសារព័ត៌មានInnews ទទួលបាននៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងលិខិតនេះថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាឯកភាពគោលការណ៍របស់ក្រសួងព័ត៌មាន៣ចំណុចសំខាន់ៗ សម្រាប់វិស័យសារព័ត៌មាន ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖
១. ណែនាំឳ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលកំពុងដំណើរការផ្សាយដោយគ្មាន អាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈបីខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាតត្រូវប្រឈមចំពោះមុខច្បាប់។
២. អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌ វិជ្ជាជីវៈដើម្បីពង្រឹងគុណភាពនៃប្រពន្ធផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។
៣. លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មាន ដែលបានចុះបញ្ជីហើយ មិនដំំណើរការក្នុងរយៈពេលមួយឆ្នាំ។ ដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទទុកលទ្ធភាពជូនក្នុងរយៈ ពេល៣ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សារយៈពេលយូរ៕