រាជរដ្ឋាភិបាលកម្ពុជា គាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន​នៅក្នុងកិច្ចប្រជុំកំពូលរំលឹក​ខួបអនុស្សាវរីយ៍​អាស៊ាន-ជប៉ុន

0
561

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នៅទីក្រុងតូក្យូ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វីមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រី​ជប៉ុន​ ។

កិច្ចប្រជុំ​កំពូលរំលឹកខួបអាស៊ាន-ជប៉ុនបានអនុម័តនូវឯកសារដ៏សំខាន់ចំនួន ២ ដែលជាឯកសារ​គោល​តម្រង់​ទិសនៃការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយ​បន្ថែម​ទៀត​ក្នុង​ការ​បើកទំព័រថ្មីនៃទំនាក់ទំនងអាស៊ាន-ជប៉ុនសម្រាប់ការលើកតម្កើងសន្តិភាព ការរីក​ចម្រើន​រួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់រយៈពេល ១០ ឆ្នាំ ទៅមុខទៀតរួមមាន៖ ១)សេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖​ដៃគូដែល​ជឿទុក​ចិត្តគ្នា និង ២) ផែនការ អនុវត្តន៍នៃសេចក្តីប្រកាសចក្ខុវិស័យរួមនេះ។

ប្រមុខរដ្ឋ/រដ្ឋាភិបាលបានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុនក្នុងរយៈពេល ៥០ ឆ្នាំ​កន្លង​មក​ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីប្រកាសចក្ខុវិស័យ និងផែន​ការ​អនុវត្តន៍​នៃទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រដែលបានអនុម័តកាលពីឆ្នាំ២០១៣។

នៅក្នុងកិច្ច​ប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុននេះសម្ដេចធិបតីបានវាយតម្លៃខ្ពស់ ចំពោះដំណើរ​ដ៏​វែង​ឆ្ងាយ​របស់អាស៊ាន និងជប៉ុនដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ «សាមគ្គីភាព ក្នុង​ភាព​ចម្រុះ និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ «កម្លាំងនៃសន្តិភាព» ដែល​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​រួម​គ្នាធ្វើ​ដើម្បី​ធានា​ថា​តំបន់​នេះ​នឹង​មិន​ក្លាយ​ជា​វេទិកា​ថ្មី​មួយ​ទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។

សម្ដេចធិបតីបានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការ​គាំទ្រ​របស់​ជប៉ុន​ក្នុង​ការ​អនុវត្ត​អាទិភាព​ទាំង​៤ នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមាន​កិច្ច​សហប្រតិបត្តិការ​លម្ហ​សមុទ្រ​ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ច​សហប្រតិបត្តិការ​នៅក្នុងវិស័យ ផ្សេងទៀត និងត្រៀមខ្លួនជាស្រេច​ដើម្បី​ចូល​រួម​ក្នុង​ការ​បង្កើន​សហ​ថាមពល និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) និងចក្ខុវិស័យថ្មីរបស់ជប៉ុនស្តីពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។

ឆ្លៀត​ក្នុងឱកាសនោះសម្ដេចធិបតីក៏បានសម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីល អន្តរទ្វីប​ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយ​សន្តិ​វិធី​ដើម្បី​ជំរុញ​ការរំសាយ​អាវុធ​នុយ​ក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ថយក្រោយសំដៅធានា សន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ សម្តេចធិបតីក៏បានអំពាវនាវឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន​ដើម្បីពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។

សម្រាប់​ការ​ជំរុញភាពជាដៃគូចិត្ត និងចិត្តគ្រប់ជំនាន់ សម្តេចធិបតី​បាន​ស្នើ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសតាមរយៈកម្មវិធីអប់រំ និងការ​បង្កើន​នូវ​ការ​យល់​ដឹងទូលំទូលាយរួមទាំងការគាំទ្រដល់វិស័យវប្បធម៌ សិល្បៈ និងកម្មវិធី​ផ្លាស់ប្តូរ​ទំនាក់​ទំនង យុវជនអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាព និងភាពធន់របស់យុវជន។ សម្ដេចធិបតី ក៏បាន​លើក​ទឹក​ចិត្តភាគីជប៉ុនបន្តគាំទ្រគម្រោងបណ្ណសារដ្ឋានបេតិកភណ្ឌវប្បធម៌ឌីជីថលអាស៊ាន និង​ការ​អនុវត្តសេចក្ដីប្រកាសអាស៊ានស្ដីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ។

ចំពោះ​ភាពជាដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ចនិងសង្គមនាពេលអនាគត សម្តេចធិបតី​បាន​សង្កត់​ធ្ងន់​លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានតម្លាភាព សមភាព និង​ផ្អែក​លើវិធានច្បាប់ ព្រមទាំង​បញ្ជាក់​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​ការ​ប្រើប្រាស់​ក្រប​ខ័ណ្ឌ​ពាណិជ្ជកម្ម ពហុភាគី​ដឹក​នាំ​ដោយ​អាស៊ាន​ដែល​មាន​ការ​ចូលរួម​យ៉ាង​សកម្មពី​ដៃគូ​ទាំង​ឡាយ​ឱ្យ​អស់​សក្តានុពល តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP)។

សម្ដេចធិបតី ក៏បានសម្តែងការគាំទ្រដល់គំនិតផ្តួចផ្តើមសហបង្កើត​ឧស្សាហក​ម្ម​យានយន្ត​ជំនាន់​ថ្មី​អាស៊ាន-ជប៉ុន (ASEAN-Japan Next Generation Automotive Industry Co-Creation Initiative) និងគម្រោងរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការកៀរគរមូលនិធិ ៣៥ ពាន់​លាន​ដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុង​តំបន់​អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជាការតភ្ជាប់ អន្តរកាលបៃតង ការ​ប្រែប្រួល​អាកាស​ធាតុ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមជាដើម។ ការគាំទ្រគំនិត​ផ្តួច​ផ្តើម​ទាំងអស់​នេះ​នឹង​រួម​ចំណែកដល់ការអនុវត្តន៍កម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការនាំមកនូវកាលានុវត្តភាពថ្មីៗ និង​ការ​បង្កើត​ឱកាសការងារ។

នៅក្នុងឱកា​ស​នោះនាយករដ្ឋមន្ត្រីជប៉ុនក៏បានប្រកាសផងដែរនូវសកម្មភាពថ្មីក្រោមកម្មវិធី «ភាព​ជា​ដៃ​គូ​ដើម្បីកសាងអនាគត» ដែលមានទឹកប្រាក់ចំនួន ៤០ ពាន់លានយ៉េន ស្នើនឹងប្រមាណ៧ ២៨១,៤៤ លានដុល្លារ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ និងគម្រោង​ដែល​មាន​ទឹក​ប្រាក់​មុន​ចំនួន​ ១៥ ពាន់លានយ៉េន (ប្រមាណ ១០៥,៥៤ លានដុល្លារ) សម្រាប់កិច្ចការស្រាវជ្រាវ អន្តរជាតិ និងការផ្លាស់ប្តូរការបណ្តុះបណ្តាលមូលធនមនុស្ស។

ជាការឆ្លើយ​តបសម្តេចធិបតី បានគាំទ្រគំនិតផ្តួចផ្តើមទាំងពីរនេះ និងបានបង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់កម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។

សម្រាប់វិស័យថាមពល កម្ពុជាបាន​បញ្ជាក់​ពីជំហរឹងមាំ​ជាមួយ​នឹង​សហគមន៍​បំភាយ​ឧស្ម័ន​សូន្យ​អាស៊ី (Asia Zero Emission Community) ក្នុងការជំរុញអន្តរកាលថាមពលស្អាត និងសមធម៌ ដើម្បី​ឆ្ពោះទៅ​រកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័នសូន្យនៅអាស៊ី។ មូលដ្ឋានគ្រឹះ​នៃ​អន្តរកាល​ថាមពលរបស់កម្ពុជា គឺស្របគ្នាជា​មួយ​នឹង​សកម្មភាព​រួម​ដែល​ជា​ចក្ខុវិ​ស័យ​នៃ​សហគមន៍​បំភាយឧស្ម័នសូន្យអាស៊ី កម្ពុជាជឿជាក់លើ​កិច្ច​សហការ​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និងយល់ស្របអំពីវិធី​សាស្ត្រ​ដែល​ផ្អែក​ទៅ​តាម​ស្ថានភា​ព​តំបន់​ និង​សង្គម​របស់​ប្រទេស​នីមួយៗ។

ក្នុង​នោះយុទ្ធសាស្ត្រ អព្យាក្រឹតកាបូនរបស់កម្ពុជាឈរលើសសរស្ដម្ភចំនួន ៣ រួមមាន៖ ការបង្កើន សមាមាត្រនៃថាមពលកកើតឡើងវិញ ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការ​ពង្រីក​អគ្គិសនី ភាវូបនីយកម្ម។ ស្របពេលកម្ពុជាកំពុងធ្វើការកែលម្អ កម្ពុជាមានការតាំងចិត្តខ្ពស់ មាន​ចក្ខុ​វិស័យ ច្បាស់លាស់ ដើម្បីសម្រេចឱ្យបានអនាគតថាមពលមួយប្រកបដោយចីរភាព វិបុលភាព និង​ស្អាត​​សម្រាប់ប្រទេសជាតិរបស់យើង និងតំបន់៕