រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ »

0
38

ភ្នំពេញ៖ យោងតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក « កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌» រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ដល់ការលើកតម្លៃចំពោះវប្បធម៌ អរិយធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ ឆ្នាំនេះរាជរដ្ឋាភិបាលបានសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញទឹកចិត្តប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនបន្តវេន ឱ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងសកម្មភាពវប្បធម៌ជាតិ ។ នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ។

ខ្លឹមសារនៃសារាចររបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយ របស់ប្រជាជាតិកម្ពុជា ដើម្បីរម្លឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ។ ក្នុងគោលបំណងធានាឱ្យបាននូវការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ប្រកបដោយចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤នេះ ឱ្យបានកាន់តែទូលំទូលាយ និងផ្សព្វផ្សាយ ឱ្យជនកម្ពុជាគ្រប់ស្រទាប់ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ ក៏ដូចជាដើម្បីអាចឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន រាជរដ្ឋាភិបាលបានធ្វើការណែនាំដូចតទៅ ៖ ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី០៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ក្នុងន័យនេះ ក្រសួង, ស្ថាប័ន, អង្គភាព, និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធី និងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិលើកទី២៦ ទាំងនៅទីតាំងផ្ទាល់ និង/ឬ នៅលើបណ្តាញសង្គម ទៅតាមពេលវេលាសមរម្យណាមួយ នៅក្នុង  រយៈពេលដែលបានកំណត់ ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំឯកសារពាក់ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិព្រះវិហារ,អាជ្ញាធរជាតិសំបូរព្រៃគុក, គ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វ ផ្សាយសមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធនឹងការអភិរក្ស, ការលើកស្ទួយ, និងការអភិវឌ្ឍប្រកប ដោយចីរភាព នៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិ នៅមូលដ្ឋានរបស់ខ្លួន ។

ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជាមួយបណ្តាក្រសួង, ស្ថាប័ន, អង្គភាព, រដ្ឋបាលថ្នាក់ក្រោមជាតិ, អង្គការ, សមាគម, សហគមន៍, និងវិស័យឯកជន ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយវប្បធម៌ជាតិ ឱ្យបានទូលំទូលាយ នៅក្នុងរយៈពេលនេះផងដែរ ។ ដោយឡែកសម្រាប់ក្រសួងព័ត៌មាន ត្រូវណែនាំដល់បណ្តាញសារព័ត៌មានគ្រប់ប្រភេទទាំងរបស់រដ្ឋ និងឯកជនទាំងអស់ ឱ្យចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវខ្លឹមសារសកម្មភាព ពាក់ព័ន្ធនឹងការអបអរទិវាវប្បធម៌ជាតិនេះ ។ ជាមួយគ្នានេះ ក្រសួងអប់រំយុវជន និងកីឡា, និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស, និស្សិត,ព្រមទាំងបំផុសឱ្យមានសកម្ម ភាពបង្ហាញ និងប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋ និងឯកជន ។ចំពោះក្រសួងទេសចរណ៍វិញ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស តាមរយៈទីភ្នាក់ងារទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, រមណីយដ្ឋានទេសចរណ៍, សណ្ឋាគារ,ផ្ទះសំណាក់, និងភោជនីយដ្ឋានគ្រប់ប្រភេទ ។ ពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤» ហើយជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត, ស្ថានអគ្គកុងស៊ុល, ស្ថានកុង  ស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេស និងសហគមន៍ខ្មែរនៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ទាំងនៅទីតាំងផ្ទាល់, តាមបណ្តាញសង្គម និង/ឬ តាមមធ្យោបាយផ្សេងៗទៀត។ល។ និង។ល ៕