លទ្ធផលនៃការសាកល្បងទទួលជើងហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមការត្រួតពិនិត្យផ្ទាល់ពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរស៊ីវិល

0
1769

(សៀមរាប)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបើកដំណើរការសាកល្បង ដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួនបី​ ក្នុងពេលដំណាលគ្នា ដែលប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ នេះបើយោងតាមអង្គភាពសារព័ត៌មានinnewsទទួលបាននៅរសៀលថ្ងៃទី៥ ខែតុលា។

តាមសេចក្តីជូនដំណឹងបន្តថា ក្រុមហ៊ុនអាកាសចរណ៍ចំនួនបី ដែលបានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះ មកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។

លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់ របស់​លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អមដោយមន្រ្តីបច្ចេកទេសជាន់ខ្ពស់មួយចំនួន ព្រមទាំងតំណាងវិស័យឯកជនមួយចំនួនផងដែរ។

បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារ បច្ចេកទេស ដែលបានចុះពិនិត្យជាក់ស្ដែងនូវដំណើរការមួយចំនួន ចាំបាច់ទាក់ទងទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាស ​បានវាយតម្លៃខ្ពស់លើ ដំណើរការបញ្ហាចរាចរដែនអាកាស នៅត្រង់ចំណុចប៉មបញ្ជាហោះហើរ ដំណើរការទទួល ដំណើរការអ្នកដំណើរតាមផ្លូវអាកាស នៅចំណុចចំណតអាកាសយាន ដំណើរការចុះឈ្មោះឡើងអាកាសយាន ត្រួតពិនិត្យសន្តិសុខអាកាសចរណ៍ និងដំណើរការផ្សេងៗទៀត រហូតដល់ការឡើងអាកាសយានរបស់អ្នកដំណើរ តាមផ្លូវអាកាស និងការហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងបីខាងលើ។

ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ ​និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។

សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ ព្រមទាំងមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើងក្នុងឆ្នាំ ២០៤០៕