លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យថែទាំសុខភាពសាធារណៈ ខណៈជាឧត្តមភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

0
39

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំទាវទីមួយរបស់កម្ពុជា ក្នុងឋានៈជាឧត្តមភរិយារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកជំទាវបណ្ឌិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់វិស័យថែទាំសុខភាពសាធារណៈ សកម្មភាពមនុស្សធម៌ និងការងារសង្គម។ ក្នុងនាមជាជំទាវទីមួយរបស់កម្ពុជា លោកជំទាវជាតំណាងឱ្យគុណតម្លៃដ៏រឹងមាំក្នុងបុព្វហេតុមនុស្សធម៌ប្រកបដោយក្ដីមេត្តា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាអ្នកជំនាញការផ្នែកមនុស្សធម៌ និងសង្គមដ៏មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានគេស្គាល់តាមរយៈការប្ដេជ្ញាចិត្តក្នុងការកែប្រែជីវិតរស់នៅរបស់ប្រជាជន និងសហគមន៍ ព្រមជាមួយនឹងសាវតាដ៏រឹងមាំក្នុងវិស័យថែទាំសុខភាពសាធារណៈ រហូតនាំលោកជំទាវបណ្ឌិត មានភាពលេចធ្លោបំផុតក្នុងភាពជាអ្នកដឹកនាំ និងមេត្តាធម៌ចំពោះប្រជាជនកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកាន់តួនាទីសំខាន់ៗជាច្រើន ដែលបង្ហាញពីការយកចិត្តទុកដាក់របស់លោកជំទាវចំពោះការប្រសើរឡើងនៃសង្គមកម្ពុជា។ លោកជំទាវបណ្ឌិត មានតួនាទីជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ជាប្រធានអង្គការ Smile Cambodia សមាជិកនៃគណៈកម្មាធិការប្រឹក្សានៃមូលនិធិ A&H Fujimoto និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា រួមទាំងតួនាទីមួយចំនួនទៀត។ ក្នុងនាមជាអនុប្រធានសមាគមពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)  លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានយកចិត្តទុកខ្ពស់ ហើយតែងតែដឹកនាំក្រុមគ្រូពេទ្យដោយផ្ទាល់ ដើម្បីចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ក្រោយការបោះឆ្នោតជ្រើសរើសជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា សម្រាប់អាណត្តិ២០២១-២០២៤ លោកជំទាវបណ្ឌិត បានធ្វើឱ្យសមាគមកាយឫទ្ធិនារីកម្ពុជាបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយរបស់ខ្លួន គឺការទទួលរៀបចំ និងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី៧ នៅពេលថ្មីៗនេះ ហើយឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានទទួល​ពានកិត្តិយស​ថ្នាក់មាស​របស់​មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក​ និង​ប្រកាស នីយបត្រ​ថ្នាក់សកលរបស់​ OB-PS នៃសមាគមពិភពលោកចលនាកាយឬទ្ធិនារី ដែលនេះជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រដ៏មានអត្ថន័យរបស់សមាគមកាយឫទ្ធិនារីកម្ពុជា។

ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត សមាគមកាយឫទ្ធិនារីកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកម្មវិធីបង្កើនសមាជិកភាព អប់រំ និងបណ្តុះបណ្តាល ការអភិរក្សបរិស្ថាន និងភាពខ្នះខ្នែងផ្នែកមនុស្សធម៌ ខណៈលទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតនោះ គឺការនាំកម្ពុជាទទួលបានជោគ​ជ័យក្នុងការបោះឆ្នោតធ្វើជាម្ចាស់ផ្ទះនៃសន្និសីទពិភពលោក លើកទី៣៩ ឆ្នាំ២០២៦ នៃសមាគមកាយប្ញទ្ធិនារីពិភពលោក ដែលជាព្រឹត្តិការណ៍ដ៏មានកិត្យានុភាព និងប្រមូលផ្តុំក្រុមកាយឫទ្ធិមកពីជុំវិញពិភពលោក។

ស្ថិតក្នុងបរិបទនៃការរាតត្បាតដ៏សាហាវជំងឺកូវីដ១៩ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានទទួលភារកិច្ចជាប្រធានដឹកនាំក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ ដែលកាលណោះ លោកជំទាវបណ្ឌិត តែងបានចុះបំពេញការងារនេះដោយផ្ទាល់នៅទីតាំង និងមន្ទីរពេទ្យព្យាបាលអ្នកជំងឺទាំងថ្ងៃទាំងយប់ មិនគិតពីការនឿយហត់។ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ លោកជំទាវបណ្ឌិត បានប្រើជំនាញដឹកនាំការសិក្សា ស្រាវជ្រាវឱសថ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រក្នុងក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ វីរភាពនៃការដឹកនាំរបស់លោកជំទាវបណ្ឌិតនេះ ក៏បានផ្តល់កម្លាំងចិត្តទៅដល់អ្នកស្ម័គ្រចិត្តជួរមុខដ៏អង់អាចក្លាហានដទៃទៀត ដែលត្រូវប្រយុទ្ធនឹងជំងឺនេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយបានដឹកនាំអ្នកជំនាញវេជ្ជសាស្រ្ត និងយុវជន ចូលរួមនៅក្នុងគំនិតផ្តួចផ្តើមចម្រុះជាមួយស្វាមីរបស់លោកជំទាវ គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុង​ពេល​វិបត្តិនៃ​ជំងឺ​រាតត្បាត ដោយលោកទាំងពីរ បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំដល់ការធ្វើតេស្ត ការព្យាបាល និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកប​ដោយ​ជោគជ័យ។

តាមរយៈការខិតខំប្រឹងប្រែងមិនចេះនឿយហត់ ជំទាវទីមួយរបស់កម្ពុជារូបនេះ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងស្តង់ដារអនាម័យនៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលប្រមាណមួយទសវត្សរ៍កន្លងមក នេះ។ លោកជំទាវ បានផ្តល់អណ្តូងទឹកជាច្រើនសម្រាប់អ្នកភូមិ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ដែលបានធ្វើ ឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេប្រសើរឡើងយ៉ាងខ្លាំង។ នេះជាផ្នែកមួយនៃការប្តេជ្ញារបស់លោកជំទាវចំពោះវិស័យសុខភាពសាធារណៈ និងការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព បានធ្វើឱ្យមានការផ្លាស់ប្ដូរពិតប្រាកដសម្រាប់​ជីវិតរស់នៅរបស់ប្រជាជនដែលងាយរងគ្រោះបំផុតមួយចំនួននៅកម្ពុជា។

ចំណង់ចំណូលចិត្តរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកលើការងារមនុស្សធម៌ បានចាប់ផ្ដើមក្នុងអំឡុងពេលកំពុងសិក្សានៅសាកលវិទ្យាល័យ​ ដោយលោកជំទាវ បានស្ដែងឱ្យឃើញពីភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់ខ្លួន ក្នុងនាមជាអនុប្រ​ធានសមាគមនិស្សិតពេទ្យនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ ជាមួយគ្នានេះ លោកជំទាវ ក៏បានរួមចំណែកប្រ​កបដោយប្រសិទ្ធភាពបំផុតចំពោះការស្រាវជ្រាវសុខភាពផ្លូវចិត្ត ពាក់ព័ន្ធនឹងជនភៀសខ្លួននៅអាស៊ីអាគ្នេយ៍ និងសហរដ្ឋអាមេរិក ដែលជាគម្រោងមួយរបស់ស្ថាប័ន Harvard Group។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកឱសថស្ថាន ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា ក្នុងឆ្នាំ២០០២ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ ពីសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៣ និងសញ្ញាបត្របណ្ឌិតផ្នែកសុខភាពសាធារណៈ ពីសាលា Hygiene & Tropical Medicine នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០១៣។ និក្ខេបបទថ្នាក់បណ្ឌិតរបស់លោកជំទាវ បានផ្តោតសំខាន់លើប្រសិទ្ធភាពនៃការសង្កេតដោយផ្ទាល់លើការព្យាបាលជំងឺរបេងតាមសហគមន៍នៅក្នុងប្រទេសកម្ពុជា៕