លោកជំទាវ ឆាយ ស៊ីវលីន៖ ភ្ញៀវទេសចរនៅឆ្នាំ២០២៤នេះនឹងច្រើនជាងឆ្នាំមុន

0
189

ភ្នំពេញ៖ ថ្លែងក្នុងការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកកាលពីថ្មីៗនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានព្យាករណ៍ថា កំណើនភ្ញៀវទេសចរនៅក្នុងឆ្នាំ២០២៤នេះ ទំនោរជាអាចច្រើនជាងឆ្នាំ២០២៣កន្លងទៅ ដោយសារតែមានជើងហោះហើរត្រង់ជាច្រើនចូលមកកម្ពុជា ជាពិសេសមានការកក់សំបុត្រជាហូរហែរពីភ្ញៀវទេសចរ ដើម្បីមកលេងកំសាន្ដ នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងរបស់លោកជំទាវបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកជំទាវ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «សក្ដានុពល នៃកំណើនទេសចរណ៍កម្ពុជា នៅឆ្នាំ២០២៤» ។

 ប្រធានសមាគមន៍ទេសចរណ៍រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២៤នេះ គឺយើងមើលឃើញថា ទំនោរមានកំណើនជាងឆ្នាំ២០២៣ ដោយសារតែយើងនឹងមានការហោះហើរត្រង់ជាហូរហែរ នៅចាំបន្ដកន្ទុយគ្នា ហើយសម្រាប់ការកក់ សម្រាប់ពាក់កណ្ដាលឆ្នាំ និងចុងឆ្នាំក៏មានច្រើនផងដែរ»។

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរសាងសង់អស់តម្លៃប្រមាណ១ពាន់ ១រយលានដុល្លារ​អាមេរិក ក្រោមគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មរបស់ចិន(BRI) បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ​ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងនេះសាសង់ក្នុងទម្រង់ផ្ទេរ ឬ ហៅថា BOT បានន័យថា ព្រលាន​យន្តហោះនឹងប្រគល់ឱ្យរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវិញនៅឆ្នាំ២០៧៣ ក្រោមការគ្រប់គ្រងទាំង​ក្រុមហ៊ុន​ចិនរយៈពេល៥០ឆ្នាំ៕