លោកជំទាវ ជូ ប៊ុនអេង បញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រហូតមកល់ពេលនេះកម្ពុជាមានស្ថានភាពនឹងនរ ខណៈមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

0
24

ភ្នំពេញ៖ ការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស រហូតមកដល់ពេលនេះកម្ពុជាមានស្ថានភាពនឹងនរ ហើយការងារនេះ គឺជាការងាររួម រវាងអន្តរក្រសួងស្ថាប័ន និងអង្គការជាដៃគូទាំងថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងកិច្ចសហការជាមួយបណ្ដាប្រទេសនានា ដើម្បីកាត់បន្ថយនូវការរងគ្រោះរបស់ជនរងគ្រោះ និងដើម្បីឆ្ពោះទៅរកទស្សនៈវិស័យលុបបំបាត់នូវបទល្មើសតែម្ដង។ នេះជាការបញ្ជាក់របស់លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី ការវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) និងការបង្កើតផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨)នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។​

លោកជំទាវ បានបញ្ជាក់បន្តថា ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០២៤-២០២៨)នេះ គឺផ្អែកលើការវាយតម្លៃយុទ្ធសាស្ត្រចាស់ដែលជាមូលដ្ឋានគ្រឹះ ពោលគឺការអនុវត្តយុទ្ធសាស្ត្រ៥ឆ្នាំកន្លងទៅ (២០១៩-២០២៣) និងផែនការយុទ្ធសាស្ត្រឆ្នាំមុនៗ រួមមាន ផែនការសកម្មភាព ឆ្នាំ២០១១-២០១៣, ផែនការសកម្មភាព២០១៤-២០១៨, និងឯកសារគោលសម្រាប់អនុវត្ត ឆ្នាំ២០១៦-២០១៨ ជាដើម។

លោកជំទាវបានបញ្ជាក់បន្ថែមថា ការប្រមូលព័ត៌មាន និងធាតុចូលពីអ្នកអនុវត្តផ្ទាល់ និងអ្នកអនុវត្តសកម្មលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ជាព័ត៌មានមូលដ្ឋាន ដោយពួកគាត់ជាអ្នកចុះផ្ទាល់ជាមួយស្ថាប័នពាក់ព័ន្ធ ចុះតាមសហគមន៍ដើម្បីប្រមូលមតិ សំឡេងពីជនរងគ្រោះ។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សង្ឃឹម និងជឿជាក់ថា តាមរយៈការបែងចែងជាក្រុមពិភាក្សា នៃកិច្ចប្រជុំខាងលើនឹងផ្ដល់ជាទិន្នន័យ ធាតុចូល និងព័ត៌មានខុសៗគ្នា ដើម្បីយកមកបញ្ចូលគ្នាសម្រាប់កំណត់នូវចំណុចជាអាទិភាពក្នុងផែនការ៥ឆ្នាំទៅមុខ ក៏ដូចជារួមគ្នាប៉ាន់ប្រមាណនូវការវិវត្តនៃបទល្មើសនានាបន្តទៀត។

គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ សម្រាប់ឆ្នាំ២០២៤-២០២៨ មានយុទ្ធសាស្ត្រចំនួនបួនចំនុច រួមមាន៖ ១. ពង្រឹងកិច្ចសហប្រិបត្តិការ ក្នុងការកសាង និងអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិនានា, ២. លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់ នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារ, ៣. ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ៤. បង្កើនកិច្ចការពារជនរងគ្រោះ៕