លោកស្រី ប៊ុត រតនា ត្រូវបានតែងតាំងជានាយកប្រតិបត្តិស្ត្រីទីមួយនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន ARMAC

0
60

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ – នៅមុនថ្ងៃទិវានារីអន្តរជាតិ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសការតែងតាំង លោកស្រី ប៊ុត រតនា ក្លាយជានាយកប្រតិបត្តិ។ នេះ​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ខណៈ​លោកស្រី​ក្លាយ​ជា​ស្ត្រី​ដំបូង​គេ​ដែល​កាន់​តំណែង​ជា​អ្នក​ដឹកនាំ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អង្គភាព។ ការតែងតាំងរបស់លោកស្រី នៅថ្ងៃដែលប្រារព្ធនូវសមិទ្ធិផលរបស់ស្ត្រីទូទាំងពិភពលោក ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ARMAC ចំពោះសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំដែលរួមបញ្ចូលនៅក្នុងសកម្មភាពដោះមីនមនុស្សធម៌ និងការកំចាត់ចោលអាវុធជាតិផ្ទុះ។

ពីឆ្វេងទៅស្តាំនៃរូបថត៖ លោកស្រី ប៊ុត រតនា នាយកប្រតិបត្តិ ARMAC ឯកឧត្តម អ៊ឹង រចនា អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង​ជាសាក្សីនៃប្រទេសកម្ពុជាជាប្រទេសជាម្ចាស់ផ្ទះ និង ឯកឧត្ដម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកស្រី ប៊ុត រតនា បានបង្ហាញពីភាពជាអ្នកដឹកនាំ និងចក្ខុវិស័យយុទ្ធសាស្ត្រនៅក្នុងតួនាទីពីមុនរបស់លោកស្រីក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌នៅកម្ពុជា។ បទពិសោធន៍យ៉ាងទូលំទូលាយរបស់លោកស្រី រួមទាំងការរួមចំណែកដ៏លេចធ្លោក្នុងនាមជាអ្នកគ្រប់គ្រងប្រតិបត្តិការប្រចាំប្រទេសសម្រាប់កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍មនុស្សធម៌ នាយកប្រចាំប្រទេសសម្រាប់មូលនិធិ Sir Bobby Charlton និង ការធ្វើការជាមួយអង្គការម៉ែក (Mines Advisory Group) ជាងមួយទសវត្សរ៍នោះ បានរៀបចំឱ្យអ្នកស្រីដឹកនាំ ARMAC ឆ្ពោះទៅរកឧត្តមភាពថ្មីប្រកបដោយប្រសិទ្ធភាព នៅក្នុងសកម្មភាពរំដោះមីន។

ក្នុងសុន្ទរកថាលើការទទួលយកការតែងតាំងនេះ លោកស្រី ប៊ុត រតនា បានសម្តែងការដឹងគុណ និងទស្សនៈវិស័យសម្រាប់អនាគតថា៖ «នាងខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងទំនុកចិត្តដែលដាក់មកលើរូបខ្ញុំពីសំណាក់គណៈកម្មាធិការដឹកនាំ និងក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជា។ សក្ខីកម្មចំពោះភាពជឿនលឿនដែលយើងកំពុងឆ្ពោះទៅរកសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងតួនាទីជាអ្នកដឹកនាំ។ នាងខ្ញុំប្តេជ្ញាថានឹងប្រើប្រាស់ជំនាញរបស់ខ្ញុំ និងលះបង់ធនធានចាំបាច់នានា ដើម្បីឈានទៅសម្រេចគោលដៅរួមរបស់យើង។ ពួកយើងទាំងអស់គ្នានឹងបន្តជំរុញលើអ្វីៗដែលអាចធ្វើទៅបានក្នុង​សកម្មភាព​រំដោះមីន ដោយ​ខិតខំ​បង្កើត​អនាគត​ដ៏​មាន​សុវត្ថិភាព និង​វិបុលភាព​សម្រាប់​ទាំងអស់គ្នា»។

ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាអតីតប្រធានបានឆ្លុះបញ្ចាំងពីការតែងតាំងលោកស្រី ប៊ុត រតនា ថា៖ «យើងដឹងថាលោកស្រី ប៊ុត រតនា មិនត្រឹមតែជាអ្នកដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃការបង្កើតថ្មី និងការរួមបញ្ចូលនានា ដែលលោកស្រីគឺជាអ្នកត្រួសត្រាយផ្លូវដើម្បីឱ្យអ្នកដទៃទៀតដើរតាម។ ភាពជាអ្នកដឹកនាំរបស់លោកស្រីមកស្របពេលដែលបេសកកម្មរបស់យើងកំពុងមានតម្រូវការសំខាន់ និងបន្ទាន់»។

ឯកឧត្ដម Buakeo Phumvongsay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាប្រធានកាន់តំណែងថ្មី ក៏បានចែករំលែកនូវភាពសាទរនេះផងដែរថា៖ «ថ្ងៃនេះមិនត្រឹមតែជាការផ្លាស់ប្តូរតំណែងប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ ARMAC នៅពេលដែលយើងស្វាគមន៍លោកស្រី ប៊ុត រតនា ខណៈដែលការតែងតាំងរបស់លោកស្រីបង្ហាញពីយុគសម័យដែលការរួមបញ្ចូលនិងភាពចម្រុះដែលត្រូវគេទទួលស្គាល់។ ក្រោមការដឹកនាំរបស់លោកស្រី ប៊ុត រតនា ARMAC ត្រៀមខ្លួនជាស្រេចដើម្បីបង្កើនតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលនៃឧត្តមភាព ជំរុញបេសកកម្មរបស់យើងក្នុងការកាត់បន្ថយទុក្ខលំបាករបស់សហគមន៍ដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

ARMAC មានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិកអាស៊ាន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ ដោយមានលោកស្រី ប៊ុត រតនា ជានាយកប្រតិបត្តិ ARMAC គ្រោងនឹងពង្រឹងឥទ្ធិពលរបស់ខ្លួននៅទូទាំងតំបន់ ដោយបន្តបេសកកម្មរបស់ខ្លួនឱ្យមានសុវត្ថិភាព និងវិបុលភាពជាងមុនសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

សម្រាប់ព័ត៌មានបន្ថែមអំពី ARMAC និងគំនិតផ្តួចផ្តើមនានា សូមចូលទៅកាន់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (https://aseanmineaction.org/)។

ព័ត៌មានទំនាក់ទំនង៖

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន

ផ្ទះលេខ ២៩ ផ្លូវ​​ ១១៥ សង្កាត់ វាលវង់ ខណ្ឌ ៧មករា, ភ្នំពេញ ១២០៣០៧ ប្រទេស​​កម្ពុជា

ទូរស័ព្ទ៖ ៨៥៥ ២៣ ២២១ ៣៥៤ / ៨៥៥ ២៣ ២២១ ៣៦៤

អ៊ីមែល៖ [email protected]