លោកឧញ៉ា ពុង ឃាវសែ៖ ការងើបឡើងវិញនៃវិស័យសំណង ខណៈវិស័យនេះ បានកើនដល់៥ពាន់លានដុល្លារ

0
352

ភ្នំពេញ៖ អ្នកជំនាញមើលឃើញ ពីការងើបឡើងវិញនៃវិស័យសំណង ខណៈ១០ខែដើមឆ្នាំនេះ ក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥ ពាន់លាន ដុល្លារអាមេរិក ។

 យោងតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងមានចំនួន ១៤៦ គម្រោង ស្មើនឹង ១៥៤ អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩ គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨ គម្រោង ដោយទុនវិនិយោគ បានកើនឡើងទ្វេដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២ ។

សមិទ្ធផលលើវិស័យសំណង់ និងវិស័យផ្សេងៗនៅទូទាំងប្រទេស អាចកើតឡើងបាន ដោយសារតែប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម ឯករាជ្យជាតិ ការធានានូវអធិបតេយ្យជាតិ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់នូវទំនុកចិត្តដល់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ក្នុងការជំរុញនូវការ អភិវឌ្ឍប្រទេសជាតិឲ្យបន្តរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ព្រមទាំងបន្តលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ និងលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ បានលើកឡើងថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ ជាពិសេសតាមរយៈរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជំរុញ ព្រមទាំងរកដំណោះស្រាយចំពោះសំណង់មួយចំនួន ដែលនៅជាប់គាំង និងបានផ្អាកដំណើរការសាងសង់កន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ៕