វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា៖ ពលរដ្ឋ១៣០០នាក់បានចុះឈ្មោះចូលរៀនជំនាញ ខណៈដែលសាលាប្រកាសថាត្រៀមខ្លួនជាស្រេចដើម្បីបណ្តុះបណ្តាល

0
602

ចាប់ពីថ្ងៃដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទទួលបានយុវជនក្រីក្រមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈចំនួន ១៣០០នាក់ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅថ្ងៃទី២០ ធ្នូ ២០២៣ នេះ ។


ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ចំនួនដ៏ច្រើននេះគឺជាទំនួលខុសត្រូវមួយបន្ថែមទៀតរបស់វិទ្យាស្ថាន ដើម្បីដើរឱ្យស្របទៅនិងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។ ដោយឡែកវិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេចលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ។


ឯកឧត្តមបន្តថា៖ «សិស្សដែលរៀនវគ្ពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅទីនេះ រៀនទាំងសៅរ៍ ទាំងអាទិត្យ ដោយឡែកយើងឃើញហើយវិន័យតឹងរឹងណាស់នៅទីនេះ គឺដើម្បីពង្រឹងសមត្ថភាព និងវិន័យសិស្ស។ វិទ្យាស្ថានជាពហុបច្ចេកទេសគឺជាកន្លែងបណ្តុះបណ្តាលមួយដ៏សំខាន់នាពេលបច្ចុប្បន្ន សិស្សដែលបញ្ជប់ការសិក្សានៅទីនេះមានឱកាសការងារល្អ និងមានសមត្ថិភាពខ្ពស់ឆ្លើយតបទៅនិងតម្រូវការការងារនៅកម្ពុជាបច្ចប្បន្ន » ។


ឯកឧត្តមបន្ថែមថា នៅពេលណាដែលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយមានគុណភាព សិស្សមានការងារធ្វើល្អ ប្រាក់ចំណូលសមរម្យ បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាជំនាញ នោះសង្គមជាតិក៏រីកចំរើន សេដ្ឋកិច្ចល្អ ទៅមុខផងដែរ ។ ដូច្នេះហើយបានជាវិទ្យាស្ថានខិតខំធ្វើយ៉ាងណាឱ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសនេះដើរតួរនាទីសំខាន់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ។ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាពុំមែនជាស្ថាប័នរកប្រាក់ចំនូលនោះទេ ដូច្នេះគោលដៅតែមួយគត់គឺផ្តោតលើគុណភាពបណ្តុះបណ្តាល ។


បើតាម ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីថ្ងៃទី១៥ ធ្នូ ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានយុវជនប្រមាណ ១៣ ៥៨៧ នាក់ បានមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅទូទាំងប្រទេស។ ចាប់តាំងពីថ្ងៃនៃការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះ ក្រសួងការងារបានដុតដៃដុតជើងផ្សព្វផ្សាយព័ត៌មាន ចាត់ក្រុមការងារថ្នាក់ក្រសួងចុះមូលដ្ឋានធ្វើយ៉ាងណាគៀងគយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានផុសផុល។


គូរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់៕