សក្តានុពលនៃវិស័យកសិកម្មកម្ពុជា មានអតិរេកប្រមាណ៦លានតោនក្នុងមួយឆ្នាំ ខណៈកម្ពុជា ជាសមាជិកអាស៊ានដែលមានទីផ្សារធំទូលាយ

0
731

ភ្នំពេញ៖ សក្តានុពលនៃវិស័យកសិកម្មកម្ពុជា ដូចជាស្រូវ ដែលមានអតិរេកប្រមាណ៦លានតោនក្នុងមួយឆ្នាំ សម្រាប់ការកែឆ្នៃនាំចេញ ព្រមទាំងដំណាំសក្តានុពលផ្សេងទៀត ជាអាទិ៍៖ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម នេះបើយោងតាម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងជំនួបការងារ ជាមួយ​ឯកឧត្តម Maura Vieira រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​ប្រេស៊ីល នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបការងារ ឯកឧត្តម ឌិត ទីណា  បានលើកឡើងថា កម្ពុជា ជា​សមាជិក​អាស៊ាន ​ដែលមានទីផ្សារធំទូលាយ ព្រមទាំង​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជក​ម្ម​ជា​មួយ​ទីផ្សារ​ប្រទេស​ចិន ដែលនេះជាឱកាសសម្រាប់ការវិនិយោគលើការកែច្នៃនាំចេញ (Downstream)។ ទន្ទឹម​នឹងនេះដែរ កម្ពុជាក៏មានច្បាប់វិនិយោគដ៏គួរឱ្យទាក់ទាញ សម្រាប់​ការ​វិនិយោគ​ពី​ខាង​ក្រៅ​ប្រទេ​ស​ផងដែរ។

ជាការឆ្លើយតប ភាគីប្រេស៊ីល បានលើកឡើង​ពី​គម្រោង​បើក​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូតប្រេស៊ីលប្រចាំកម្ពុជានៅដើមឆ្នាំ២០២៤ និងចេតនា​បង្កើន​ទំនាក់​ទំនង​លើ​គ្រប់​វិស័យ​រវាង​ប្រទេសទាំងពីរ ជាពិសេសលើការវិនិយោគ និងការធ្វើពាណិជ្ជកម្ម។ បន្ថែមលើនេះ ប្រេស៊ីល ​ក៏​គ្រោងនឹងរៀបចំឱ្យមានទស្សនៈកិច្ចផ្លូវការមួយទៀត ពីសំណាក់​រដ្ឋ​មន្ត្រី​កសិកម្ម​ប្រេស៊ីល​មក​កាន់​កម្ពុជា​ផងដែរ នៅក្នុងឆ្នាំ២០២៤ខាងមុខ។

គួរបញ្ជាក់ផងដែរថា ភាគីទាំង​ពីរ បានសាទរចំពោះការចាប់ផ្តើមនេះ និងបន្តយន្តការកិច្ចសហប្រតិបត្តិការ សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅមកពីឱកាសវិនិយោគ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ជាពិសេស​ការ​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង និងនិរន្តរភាពបរិស្ថាន៕