សភានិងរាជរដ្ឋាភិបាល មានឆន្ទៈមុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី

0
34

ភ្នំពេញ៖ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយ មុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី សំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ នេះជាការលើកឡើងរបស់​​​​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ក្នុងវេទិការជាតិស្តីពី ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ក្រោមប្រធានបទ«ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ»នាព្រឹកថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២៣នៅសណ្ឋាគារសុខាភ្នំពេញសម្តេចរដ្ឋសភាធិបតីបានលើកឡើងថា នៅក្នុងនោះរដ្ឋសភាបានអនុម័តច្បាប់ដែលមានលក្ខណៈទូលំទូលាយ និងគ្របដណ្តប់ក្នុង ការបញ្ជ្រាបសមភាពយេនឌ័រនៅក្នុងគោលនយោបាយ សាធារណៈ និងច្បាប់ ដែលគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ជាមួយគ្នានេះ រដ្ឋសភាបានកំពុងជំរុញ យ៉ាងខ្លាំងនូវបុព្វហេតុសមភាពយេនឌ័រ និងការពង្រឹងសមត្ថភាពរបស់ស្ត្រីតាមរ យៈគំនិតផ្តួចផ្តើមនិងវេទិកាសភាជាច្រើនរបស់ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងយន្តការថ្នាក់ជាតិ និងអន្តរជាតិជាច្រើនទៀត មានដូចជា យុទ្ធនាការ #girl2leader វេទិកាអន្តរសភា APPF, APF, ASEP និងAIPA ជាដើម ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបំ ផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចជាបិតាក្នុងការជំរុញសមភាពយេនឌ័រ តាមរយៈគោលនយោបាយ សាធារណៈរួមមាន យុទ្ធសាស្ត្រត្រីកោណ (ឆ្នាំ១៩៩៨-២០០៣) និងយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០២៣ ដែលជាលទ្ធ ផលបានជំរុញឱ្យមានវត្តមានស្រ្តីកាន់តែច្រើនឡើងៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងវិស័យឯកជន។

ដោយឡែកក្នុងអាណត្តិទី៧ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តនូវមរតកដ៏ថ្លៃថ្លានេះ តាមរយៈការជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីរបស់ស្រ្តី ដោយសម្តេចបានសង្កត់ធ្ងន់ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព, ស្រស់បំព្រង, និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា យុទ្ធសាស្រ្តនេះបានបង្ហាញ យ៉ាងច្បាស់ការបន្តយកចិត្តទុកដាក់ លើកកម្ពស់សមភាពយេនឌ័រ ។  ទោះជាមានកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការសមភាពយេនឌ័រយ៉ាងណាក៏ដោយក៏នៅមានបញ្ហាប្រឈមជាច្រើនជាពិសេសចំនួនស្រ្តីក្នុងវិស័យនយោបាយនិងសាធារណៈ៕