សមាគមមិត្តយើង ផ្តល់ការកាត់សក់ជូនកម្មករ និងពលរដ្ឋក្នុងសង្កាត់ចោមចៅ ចំនួន៥០០នាក់ដោយឥតគិតថ្លៃ

0
64

សមាគមមិត្តយើង (MYA) នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំសកម្មភាពមនុស្សធម៌កាត់សក់ជូន កម្មករ កម្មការិនី អ្នកបើកកង់បី តាក់ស៊ី និងប្រជាក្នុងសង្កាត់ចោមចៅ១ប្រមាណ៥០០នាក់។

កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិសមាគម បានលើកឡើងថា ការកាត់សក់ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋនេះ គឺជាសកម្មភាពមនុស្សធម៌របស់សមាគមដែលតែងតែធ្វើឡើងជាប្រចាំដោយមិនប្រកាន់អ្វីឡើយ។

បើតាមកញ្ញាដដែល កម្មវិធីសក់ និងសម្រស់ដើម្បីមិត្តយើង គឺជាកម្មវិធីដ៏សំខាន់មួយរបស់ សមាគមមិត្តយើង ដែលរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីជំនាញហាងសក់ និងសម្រស់សម្រាប់អ្នកដែលកំពុងស្វែងរកការបណ្ដុះបណ្ដាលក្នុងវិស័យនេះ ដើម្បីជាមធ្យោបាយលើកកម្ពស់ជីវភាពរស់នៅ។

ប្រធានគណៈកម្មការប្រតិបត្តិសមាគមរូបនេះ បានបញ្ជាក់ពីផែនការមនុស្សធម៌របស់ខ្លួននៅឆ្នាំ២០២៤នេះ ថា សមាគមគ្រោងនឹងរៀបចំការកាត់សក់មនុស្សធម៌នេះឱ្យបាន១២លើកនៅឆ្នាំ២០២៤នេះដោយរំពឹងថានឹងអាចជួយដល់ពលរដ្ឋប្រមាណ១ម៉ឺននាក់ឱ្យទទួលបានការកាត់សក់ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា សមាគមមិត្តយើង គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីស្របច្បាប់ក្នុងឆ្នាំ ២០២១ ដែលមានចក្ខុវិស័យក្នុងការផ្តល់ឱកាសការងារ លើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់។ បេសកកម្មរបស់ មិត្តយើង គឺដើម្បីពង្រឹងមិត្តភាព សាមគ្គីភាព បង្កើតបណ្តាញគាំទ្រ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាមួយគ្នាក្នុងចំណោមអ្នកជំនាញដែលធ្វើការក្រៅប្រព័ន្ធ អ្នកជំនាញបច្ចេកទេស អ្នកផ្តល់សេវា និងអាជីវកម្មទាំងជាតិ និងអន្តរជាតិ។ មិត្តយើង មានសាខាចំនួន ៤ នៅខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងខេត្តស្វាយរៀង ហើយបាននិងកំពុងពង្រីកទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសថៃ។

ទន្ទឹមនឹងនេះ កញ្ញា ផាន់ សុនីតា ប្រធានគណៈកម្មការប្រតិបត្តិសមាគម សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋឱ្យមកទទួលសេវាកាត់សក់ពីសមាគមដែលនឹងរៀបចំសកម្មភាពមនុស្សធម៌រហូតទៅដល់១២លើកក្នុងរាជធានីភ្នំពេញ៕