សមាជិកគណៈប្រតិភូសភាកម្ពុជា រដ្ឋសភាឡាវ រដ្ឋសភាវៀតណាម រៀបចំព្រឹត្តិការណ៍ជិះកង់រឹតចំណងមិត្តភាព និងការថែទាំសុខភាព

0
417

ក្នុងពេលដំណើរការកិច្ចប្រជុំកំពូលសភា CLV លើកទី១ ដែលរដ្ឋសភាប្រទេសឡាវ ធ្វើជាម្ចាស់ផ្ទះ បានរៀបចំព្រឹត្តិការណ៍ជិះកង់ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរឹតចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទំាងបី។

ឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ បានអញ្ជើញជាអធិបតី ភាពក្នុងការចាប់ផ្តើមព្រឹត្តិការណ៍នេះ។ សមាជិកគណៈប្រតិភូសភាកម្ពុជា រដ្ឋសភាឡាវ រដ្ឋសភាវៀតណាម រួមទាំងសហព័ន្ធជិះកង់មកពីប្រទេសឡាវ ប្រទេសកម្ពុជា និងប្រទេសវៀតណាម ក៏បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សប្បាយរីករាយ និងនាំមកនូវសុខភាព ការរឹតចំណងមិត្តភាព សាមគ្គីភាព។ សមាជិកគណៈប្រតិភូរដ្ឋសភាកម្ពុជាចូលរួមព្រឹត្តិការណ៍ជិះកង់នេះមាន ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ជាដើម។

សូមជម្រាបថា រដ្ឋសភាឡាវបានរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម” ក្នុងគោលបំណងលើកកម្ពស់សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីវិបុលភាព និងនិរន្តរភាព។ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕