សម្ដេចតេជោ ៖ «សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់​នូវការបំពុលព័ត៌មាន និង​សូម​យក​ចិត្ត​ទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»

0
63

សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្ញើសារទៅកាន់ពួកអាក្រក់​ ឲ្យបញ្ឈប់នូវការបំពុលព័ត៌មានទាំងឡាយពាក់ព័ន្ធសុខភាពរបស់ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​​។ សម្ដេច​តេជោ​មានប្រសាសថា «សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់​នូវការបំពុលព័ត៌មាន និង​សូម​យក​ចិត្ត​ទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ» ។

តាមរយៈហ្វេសប៊ុកផ្លូវការសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប៉ុន្មាន ២ថ្ងៃចុង​ក្រោនេះ​មាន​​​ការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​និយាយ​ពី​ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​មានជំងឺ​។ សម្ដេចបញ្ជាក់ថា នេះ​ ជា​រឿង​ពិត​ ហើយសម្ដេច និងក្រុមគ្រួសារ ក៏​គ្មាន​ការ​លាក់បាំង និង​ក៏គ្មានការ​ចាំបាច់​ផ្សព្វផ្សាយជា​ដំណឹង​អ្វី​ដែរ។

សម្ដេចតេជោ​បញ្ជាក់បន្តថា កាលពី៤ថ្ងៃមុន ភរិយារបស់សម្ដេច(សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត)​ដួល​ក្នុង​បន្ទប់​សម្រាក​ធ្វើ​ឱ្យប៉ះដល់ក្បាល​ដែល​ចាំបាច់​ត្រូវ​យក​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាលម៉ែត្រ។ បន្ទាប់ពីការ​ពិនិត្យព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់​ពី​គ្រូពេទ្យ​សុខភាព​គាត់​ល្អ​ប្រសើរ​តែ​មិន​ទាន់ចាក​ចេញ​ពីមន្ទីរ​ពេទ្យ​នៅ​ឡើយ​ព្រោះ​ត្រូវ​រង់​ចាំកា​រ​ថត​ក្បាល​ជាលើកទី៣ ដើម្បី​មើល​សរសៃ​ដែល​រង​នូវ​ការ​ប៉ះទង្គិចនោះ។

សម្ដេចតេជោបញ្ជាក់បន្ថែមថា « ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅ​បរទេសគឺជារឿង​មិនពិត។»

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានក្រាបបង្គំ​ អរព្រះគុណ​ថ្វាយ​ហ្លួងម៉ែ​ដែល​បាន​យាង​ទៅ​សួរសុខទុក្ខភរិយារបស់សម្ដេចដែល​ជាបុត្រីធម៌របស់ព្រះអង្គ​ដល់មន្ទីរពេទ្យ និង​សូម​អរគុណ​ថ្នាក់​ដឹកនាំគ្រប់​ជាន់​ថ្នាក់​បងប្អូនជនរួមជាតិ​ដែល​ចូល​រួម​កង្វល់​ពី​សុខភាព​ភរិយាសម្ដេច៕