សម្ដេចពិជ័យ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” នឹងក្លាយជាចលករយ៉ាងសំខាន់

0
218

សៀមរាប៖ នារាត្រីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សម្ដែងនូវសុទិដ្ឋិនិយមថា« ការកំណត់យកឆ្នាំ២០២៤ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន” នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន»។

ការលើកឡើងបែបនេះរបស់ សម្ដេចពិជ័យសេនា ក្នុងខណៈអញ្ជើញជាអធិបតីជាមួយ ឯកឧត្ដមឯកឧត្តម លី សូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ក្នុងពិធីបើកព្រឹត្តិការណ៍ ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤។ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា៖ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។ សម្តេចពិជ័យសេនា គូសបញ្ជាក់ថា តាមរយៈការកំណត់យកឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» យើងនឹងអាចផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី សក្តានុពលទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ ដែលមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមករវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់ លើប្រភពទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។ សម្តេចពិជ័យសេនា បានបញ្ជាក់បន្ថែមថា ការរៀបចំពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យទេសចរណ៍ និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតប្រៀបបានសរសៃអំបោះដែលវេញចូលគ្នា បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនូវភាពទាក់ទាញ និងភាពប្រកួតប្រជែង សម្រាប់តំបន់ទេសចរណ៍ ក៏ដូចជាសម្រាប់ប្រទេសជាតិ។ ការណ៍នេះ វិស័យវប្បធម៌បានដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់អភិវឌ្ឍផលិតផលទេសចរណ៍។

ជាមួយគ្នានេះ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ត្រូវបានរៀបចំឡើងស្របតាមគំនិតផ្ដួចផ្ដើមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការត្បូងពេជ្រ គឺជាលទ្ធផលនៃជំនួបកំពូលរវាងឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ដែលបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដែលផ្ដោតជាសំខាន់លើវិស័យជាអាទិភាពចំនួន ៦ រួមមាន នយោបាយ ផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។ ឯកឧត្ដម សុខ សូកេន បានឱ្យដឹងដែរថា កាលពីឆ្នាំ២០២៣ កន្លងមក កម្ពុជាបានទទួលទេសចរណ៍អន្តរជាតិប្រមាណ ៥,៤ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ចិន មានចំនួនប្រមាណ ៥៤ម៉ឺននាក់ និងទេសចរជាតិ ប្រមាណ ១៨,៥ លាននាក់។ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមយ៉ាងមុតមាំថា ការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញ បង្កើនភ្ញៀងទេចរណ៍ចិនមកទស្សនានៅកម្ពុជា បង្កើនទំនាក់ទំនងក្នុងវិស័យទេចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ និងជំរុញការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ជាពិសេសការផ្លាស់ប្ដូរក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីរួមចំណែកក្នុងការសម្រេចបំណងប្រាថ្នា ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងកម្ពុជា-ចិន៕