សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា​ដើរតួនាទីយ៉ាងសំខាន់​ចូលរួម​ពង្រឹងលទ្ធិប្រជាធិបតេយ្យ​នៅអាស៊ី

0
474

ភ្នំពេញ៖ គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយនឹង សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា សម្តេច​មហា​រដ្ឋ​សភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធាន ICAPP និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។

ក្នុងឳកាសនេះ គណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដឹកនាំដោយ ឯកឧត្តម ជុង អ៊ីយ៉ុង ប្រធាន ICAPP បានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១២-១៥ ខែ​ធ្នូ ឆ្នាំ២០២៣ ដើម្បី ពិភាក្សាអំពី «ការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២​» របស់គណបក្សប្រជាជនកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម ជុង អ៊ីយ៉ុង បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្រោម​ការ​​ដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិត​ជា​បាន​រួមចំណែកយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមគាំទ្រ និងពូនជ្រំកិច្ចសហប្រតិបត្តិការ និង​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យនៅអាស៊ី ចាប់ពីថ្ងៃបង្កើត ICAPP នៅឆ្នាំ២០០០ អង្គការ​នេះ​បាន​ក្លាយ​ជា​វេទិកា​នយោបាយកាន់តែមានឥទ្ធិពល និងមានសារៈសំខាន់ចាំបាច់ ក្នុងសភាព​ការណ៍​ពិភព​លោក​នៃ​ការ​ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាល់។

ឯកឧត្តម ជុង អ៊ីយ៉ុង ថ្លែងថា គណបក្សប្រជាជនកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​ចូល​រួម​ដឹកនាំស្ថាប័ន ICAPP ក៏ដូចជាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដើម្បី​ការ​ត​ភ្ជាប់​វប្បធម៌​ចម្រុះ​នៅអាស៊ី និងពិភពលោកតាមរយៈកិច្ចសន្ទនា ការយោគយល់គ្នា និង ការគោរពគ្នា ជា​ពិសេសការបង្កើតភាពជាដៃគូជាមួយនឹងអង្គការ UNESCO។

ឯកឧត្តមបន្តថា មហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធរួមមាន កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ICAPP លើកទី៤២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកា​សារព័ត៌មាន ​ICAPP លើកទី៧ នៅកម្ពុជានាខែវិច្ឆិកា ឆ្នាំ២០២៤នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ និងជោគជ័យមួយ​បន្ថែម​ទៀត​នៃ​ការ​ជួប​ជុំ​មហា​គ្រួសារ​គណបក្ស​នយោបាយ​នៅ​អាស៊ី​តំណាងឱ្យ៥២ប្រទេស និងស្ថាប័នជាដៃគូមកពីតំបន់ផ្សេងៗ។

សូមបញ្ជាក់ ផងដែរថា គណបក្សប្រជាជនកម្ពុជា នឹងក្លាយជាគណបក្សទីមួយរបស់ ICAPP ដែល​បានទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន២លើក ដែលលើកទី១ គឺមហាសន្និបាត ICAPP លើកទី៦ នៅឆ្នាំ២០១០ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ដូច្នេះហើយ សម្តេចតេជោ បានសម្រេចប្រគល់ភារកិច្ចជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ជា​ប្រធាន​មហា​សន្និបាត ICAPP លើកទី១២ ដើម្បីបន្តប្រពៃណីនៃការដឹកនាំអង្គមហាសន្និបាត ICAPP។

គណបក្ស​ប្រជាជនកម្ពុជានឹងជំរុញអង្គការ ICAPP បង្កើនតួនាទីយុវជន និងជំរុញបរិវត្តកម្ម​ឌីជីថល​នៅ​ក្នុងការតភ្ជាប់សង្គមនិងសេដ្ឋកិច្ច ហើយបន្តចូលរួម​យ៉ាង​សកម្ម​ក្នុង​បេសកកម្ម​ដើម្បី​ទ្វីប​អាស៊ី​ប្រកបដោយសន្តិភាព និងវិបុលភាព និងចង់ឃើញឧបទ្វីបកូរ៉េមានសន្តិភាពយូរអង្វែង។

គណៈប្រតិភូ ICAPP វាយតម្លៃខ្ពស់​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ភាព​ចាស់​ទុំ និង ការផ្ទេរអំណាចទៅអ្នកបន្តវេនដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោម​ការ​ដឹកនាំ​ដោយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល អាណត្តិទី៧ និងជាអនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រទេសកម្ពុជានឹងសម្រេចបាននូវសមិទ្ធិផលថ្មីៗបន្ថែមទៀត សម្រាប់​ជាតិ​ និង​ប្រជាជន​កម្ពុជា តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយ​កម្ពុជា​នឹង​ដើរ​តួនាទី​កាន់​តែសំខាន់​សម្រាប់​តំបន់ និង​ពិភព​លោក​ទាំង​ក្នុងវេទិកាអន្តរគណបក្ស រដ្ឋាភិបាល និងសភា។ នៅក្នុងឱកាសនេះផងដែរ គណៈប្រតិភូ ICAPP ក៏បានធ្វើទស្សនកិច្ច នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជា​ទីតាំង នៃ​មហាសន្និបាត ICAPP លើកទី១២៕